ប្រតិភូសភាជប៉ុនអញ្ជើញមកទស្សនៈកិច្ច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

         នៅរសៀលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១០ ឯកឧត្តម ឯក សុនចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលប្រតិភូ មកពីប្រទេសជប៉ុន ដឹកនាំ ដោយលោក ណាកាមួរ៉ា ហ៊ីរ៉ូហ៊ីកូ ជាប្រធានគណកម្មាធិកាពិសេស នៃគំរោងជំនួយសម្រាប់ ការអភិវឌ្ឍន៏ ODA និងទំនាក់ទំនងសភា របស់ប្រទេសជប៉ុន អមដំណើរដោយមន្រ្តីមកពីស្ថានទូត នៃព្រះរាជាណាចក្រ ជប៉ុន ប្រចាំនៅកម្ពុជា និង លោកប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា ផងដែរ។



         ក្នុងឱកាសទស្សនៈកិច្ចនេះ ឯកឧត្តមប្រតិភូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទ បង្ហាញស្តីពី វឌ្ឍនៈភាពការរីកចំរីនក្នុងរយៈកាល ១៦ឆ្នាំកន្លងមក ដែលបានប្រែក្លាយអង្គភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញពីឱនភាពប្រតិបត្តិការអាជីវកម្មក្លាយទៅជាអង្គភាពដ៏ល្បីល្បាញ លើពិភពលោក និងទទួលបានពានរង្វាន់ និងការសរសើរធំៗជាច្រើន ពិសេសពានរង្វាន់ឧស្សាហកម្ម ទឹកស្អាត ឆ្នាំ២០១០ ពីសប្តាហ៏ទឹកស្អាតពិភពលោក នៅទីក្រុងស្តុកហូម ប្រទេស ស៊ុយ អែត។



         ក្នុងនោះ ឯកឧត្តមប្រតិភូ ក៏បានបង្ហាញជូនពីប្រសិទ្ធភាពនៃការអនុវត្ត និងគ្រប់គ្រងគំរោង ក្រោមការជួយឧបត្ថម្ភពីគំរោង ODA របស់ប្រទេសជប៉ុន ដែលធ្លាប់បានជួយដល់ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន ព្រមទាំងអញ្ជើញប្រតិភូរបស់ប្រទេសជប៉ុន ដើរទស្សនា សមិទិ្ធផល សំណង់អាគារផ្សេងៗ ដែលស្ថិតក្នុងគំរោង ODA ។ លោក ណាកាមួរ៉ា ហ៊ីរ៉ូហ៊ីកូ ក្នុងនាមរដ្ឋាភិបាលនៃប្រទេសជប៉ុន និងប្រជាជនជប៉ុនទាំងអស់ ពិតជាមានការសប្បាយ ចិត្តក្រៃលែង ដោយឃើញនូវសមិទ្ធិផល និងការរីកចំរើនដ៏គួរឱ្យស្ញប់ស្ញែងរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងសូមរក្សានូវចំណងមិត្តភាពដ៏ល្អនេះ និងខិតខំប្រឹងប្រែង បន្តទៅទៀត ក្នុងការ អភិវឌ្ឍន៏ប្រទេសជាតិ ដើម្បីធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ជប៉ុន រឹតតែប្រសើរឡើង។