គណៈប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះសួរសុខទុក្ខ និងនំាយកអំណោយ ចែកជូននាយទាហាន ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ៨ ឈរជើងនៅសមរភូមិជួរមុខ ទិសប្រាសាទព្រះវិហារ

         បន្ទាប់ពីមានការទន្ទ្រានឈ្លានពានទឹកដីកម្ពុជាជាថ្មីម្តងទៀត ពីសំណាក់កងទ័ពសៀមកន្លង ទៅថ្មីៗនេះ ឯកឧត្តម ឯក សុនចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ និងលោកជំទាវ កាលពីព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១ បានដឹកនាំគណៈប្រតិភូរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន ១១រូប ចុះសួរសុខទុក្ខបងប្អូន នាយទាហាន  ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍ លេខ ៨ ចំណុះកងពលធំអន្តរាគមន៍លេខ ៣ ដែលជាកងពលសម្ព័ន្ធមេត្រីភាព   និងកំពុងឈរជើងប្រយុទ្ធជាមួយទ័ព សៀមឈ្លានពាននៅ សមរភូមិព្រំដែនជួរមុខ  តំបន់ប្រាសាទព្រះវិហារ    ជាពិសេស ចំនុចក្តៅ  អូរចាក់ច្រែង   ច្រកតាស៊ឹម   ភ្នំទ្រព្យ  និងវាលឥន្ទ្រី   ។

         ពិធីចុះសួរសុខទុក្ខ និងចែកអំណោយនេះ ធ្វើឡើងនៅក្នុងទីបញ្ជាការវីរៈសេនាតូចលេខ ៣៨២ ចំណុះ កងពលតូចអន្តរាគមន៍លេខ ៨ ដោយមានការ ចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទទួលបន្ទុកទិសយុទ្ធភូមិភាគទី ៤, ឯកឧត្តមឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ និងឯកឧត្តមឧត្តមសេនីយ៍ត្រី យឹម ពឹម មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ ៨ ជាកងពល សម្ព័ន្ធមេត្រីភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

        ចំពោះសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលគណៈ ប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាំយកមកចែកជូននៅពេលនេះ រួមមាន : ម៉ាស៊ីនភ្លើងកំលាំង 25 KVA ចំនួន ២ គ្រឿង, ម៉ូទ័របូមទឹកអណ្តូង ចំនួន ១ កំប្លេ, ម៉ាស៊ីនបូមទឹកឡើងភ្នំចំនួន ១ កំប្លេ, ស៊ីទែនទឹកចំណុះ ១០០០ លីត្រ ចំនួន ៥ - ចំណុះ ៥០០ លីត្រ ចំនួន ១០ - ចំណុះ ២០០ លីត្រ ចំនួន ២០, អាយកូម ៣០ គ្រឿង, កែវយឹតឆ្លុះអាចមើលបាន ទាំងពេលយប់ និងពេលថ្ងៃ ចំនួន ៥ គ្រឿង, ម៉ាស៊ីន GPS ២ គ្រឿង, ម៉ាស៊ីនថតរូប ឌីជីថល ម៉ាកសូនី ២ គ្រឿង, ម៉ាស៊ីនថតសំលេង ឌីជីថល ១ គ្រឿង, ស្ករស១ តោន, មីយើង ១០០០ កេស , ត្រីខកំប៉ុង ៧០ កេស និងទឹកដោះគោ ៥០ កេស សរុបជាទឹកប្រាក់អស់ចំនួន ៤១ ២៨៥ ដុល្លាអាមេរិក ។

         ជាកិច្ចស្វាគមន៍ ឯកឧត្តមឧត្តមសេនីយ៍ត្រី យឹម ពឹម មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ និងឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា បានជំរាបប្រាប់ដល់គណៈប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពីព្រឹត្តិការណ៍ជារួម នៃការឈ្លានពានរបស់កងទ័ពសៀមកាលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែ កុម្ភៈ កន្លងទៅ ថ្មីៗនេះ ដែលបំណងធំបំផុតរបស់ពួកគេ គឺការវាយប្រហារចាប់យកតំបន់ភ្នំទ្រព្យ ជាចំណុចខ្ពស់ និងជា ទីតាំងឈរ ជើងរបស់កងទ័ព វរៈសេនាតូចលេខ ៣៨២ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដើម្បីឈានទៅគ្រប់គ្រងលើតំបន់ប្រសាទព្រះវិហារទាំងស្រុងតែម្តង ប៉ុន្តែដោយស្មារតីត ស៊ូប្រយុទ្ធអង់អាចក្លាហានរបស់ កងទ័ពយើង ធ្វើឱ្យពួកខ្មាំងមិនអាចសំរេចបំណងនេះបានឡើយ ហើយថែមទាំងទទួលរងនូវការបរាជ័យធ្ងន់ធ្ងរ ទៀតផង ។ ព្រមជាមួយគ្នានេះ បានសំដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឯក សុនចាន់ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងអស់ ដែលតែងតែឆ្លៀតឱកាស ដ៍មមាញឹកក្នុងការងាររបស់អង្គភាព ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន ដល់នាយទាហាន ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ៨ នៅសមរភូមិមុខជានិច្ច ចាប់តាំងពីពេលចងសម្ព័ន្ធមេត្រី ភាពនាឆ្នាំ ២០០៥ រហូតមកដល់ ពេលនេះមានចំនួន ២៣ លើក ដោយចំណាយថវិកាអស់រាប់ពាន់លានរៀល ជាពិសេសការជួយរៀបចំបណ្តាញផ្គត់ផ្គង់ទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដល់ជំរុំយុវជនសម្តេចតេជោ ហ៊ុន សែន នៅក្នុងវៈសេវនាតូចលេខ ៣៨២ និងបណ្តាញផ្គត់ផ្គង់ទឹក នៅបណ្តាទីតាំងឈរជើង តាមចំណុចខ្ពស់ៗនានា ដូចជា ច្រកតាស៊ឹម ភ្នំទ្រព្យ និង ភ្នំប្រាសាទព្រះវិហារ ជាចំណុចប្រឈមមុខផ្ទាល់ ជាមួយនឹងកងទ័ពសៀមឈ្លានពាន ដែលជួយរួមចំណែកយ៉ាងសំខាន់ ដល់កត្តាជោគជ័យរបស់កងទ័ពយើង លើកងទ័ពសៀមឈ្លានពាន ក្នុងនាមនាយទាហាន ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ៨ ទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តថានឹងការពារទឹកដី ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន មិនឱ្យមានការ បាត់បង់សូម្បីតែមួយមីលីម៉ែត្រ ស្របតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ។

        មានមតិសំណេះសំណាក្នុងឱកាសនោះដែរ ឯកឧត្តម ឯក សុនចាន់ បានមានប្រសាសន៍ថា នៅក្នុងស្មារតីរបស់ មន្ត្រី និយោជិត កម្មករ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងអស់ ព្រមទាំងគ្រួសារ របស់ឯកឧត្តមផ្ទាល់ ដែលជាសមរភូមិក្រោយ តែងតែផ្សារភ្ជាប់ជានិច្ច ជាមួយនឹងសុខទុក្ខរបស់បងប្អូន នៅសមរភូមិមុខគ្រប់ពេលវេលា និងសូមសំដែងនូវការនឹករលឹក និងកោតសរសើរដ៍ស្មោះ ចំពោះវីរៈភាព អង់អាចក្លាហានរបស់បងប្អូន កងទ័ពយើង ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់ នូវសាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីប្រពន្ធ កូន និងឱពុកម្តាយ ឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី មិនឱ្យ កងទ័ពចោរសៀមឈ្លានពានបាន ។ ទាំងអស់នេះគឺបានមកពីផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំ យើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយដ៍រឹងមាំ ដើម្បីការពារជាតិមាតុភូមិ យើង។

         តាងនាមឱ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ត្រី និយោជិត កម្មករ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាំងអស់ និងតាងនាមឱ្យក្រុមគ្រួសារ របស់ឯកឧត្តមផ្ទាល់បានជូនពរដល់បណ្តាពលទាហាន នាយទាហាន គ្រប់ៗរូប ដែលកំពុងបំពេញភារកិច្ចដ៍ថ្លៃថ្លា ការពារបូរណភាពទឹកដីជាតិមាតុភូមិ សូមឱ្យមានសុខភាព ល្អគ្រប់គ្នា និងឈ្នះលើសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជា បានគ្រប់ពេលវេលា ។

         បច្ចុប្បន្នមន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសកម្មក្នុងការរៀបចំបណ្តាញ ទឹកឡើង លើកំពូលភ្នំ ឱ្យបានឆាប់រហ័ស ដើម្បីសំរួលដល់ការ ប្រើប្រាស់ទឹករបស់បងប្អូនកងទ័ព ដែលកំពុង ឈរ ជើការពារទឹកដីពីសំណាក់ចោរសៀមឈ្លានពាននៅទីនោះ ។