រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រកាស​តែង​តាំងអគ្គនាយក​ថ្មី

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២នេះ នៅអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានពិធីរៀបចំប្រកាសតែង តាំងអគ្គនាយកថ្មី ដែលលោក សឹម ស៊ីថា អតីតប្រធានអង្គភាពរដ្ឋាករទឹកក្រុងព្រះសីហនុ ត្រូវឡើងជំនួស ឯកឧត្តម ឯក សុនចាន់ ដែលត្រូវដំឡើងជាអនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។

ពិធីប្រកាសតែងតាំងអគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ បានធ្វើឡើងក្រោមអធិបតី​ភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនផ្សេងទៀត។

លោក សឹម ស៊ីថា ដែលត្រូវបាន ឡើងកាន់តំណែងថ្មី ក្នុងអង្គភាពមួយនេះ បានមានប្រសាសន៍ថា លោកនឹង​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ឲ្យ​កាន់​តែ​រីក​ចម្រើន ដែល​បន្សល់​ទុក​ពី​ឯកឧត្តម ឯក សុនចាន់។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ការ​ផ្លាស់​ប្តូរអគ្គនាយកថ្មី​នៃ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញនេះ​ធ្វើ​ឡើង​គ្មាន​អ្វី​ក្រៅ​ពី​ការ​កែ​សម្រួល​ការ​ងារ​ក្នុង​ជួរ​រដ្ឋបាល​ខណៈ​ដែល​ឯកឧត្តម ឯក សុនចាន់ ត្រូវ​ដល់​ពេល​ចូល​និវត្តន៍។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍បញ្ជាក់ទៀតថា ការផ្ទេរតំណែងឯកឧត្តម ឯក សុនចាន់ នៅពេលនេះ មិនមែនជាការដកតំណែងទេ ក្រសួង​ធ្លាប់​បានដកតំណែងមន្ដ្រីច្រើនណាស់ ដែលធ្វើខុស។ ឯកឧត្តម ឯក សុនចាន់ គឺជាមន្ដ្រីជំនាញដ៏ប៉ិនប្រសព្វ ដែលអាចនឹងជួយធ្វើឱ្យវិស័យទឹកស្អាត ២៤ ខេត្ដ-ក្រុងផ្សេងទៀត មានការរីកចម្រើនដូចជារាជធានីភ្នំពេញដែរ។ ចំណែកឯកលោក ស៊ឹម ស៊ីថា ដែលត្រូវមកជំនួសតំណែងឯកឧត្តម ឯក សុនចាន់ ក៏ជា​មន្ដ្រី​ដឹក​នាំ​ល្អមួយ​រូប​ដែរ ហើយនឹងអនុវត្ដតាមអ្វីដែលធ្លាប់មានពីមុនមកនៅទីនេះ៕