លទ្ធផលចុះកិច្ចសន្យា របស់ម្ចាស់ផ្ទះជួលយល់ព្រមចែកចាយទឹកស្អាតបន្តជូន កម្មករ-កម្មការិនី និង​ សិស្សិត ស្នាក់នៅបន្ទប់ជួលតាមបណ្តាលខណ្ឌក្នុងរាជធានីភ្នំពេញ និង ទីក្រុងតាខ្មៅ

    ក្នុងគោលបំណងកាត់បន្ថយដល់ការចំណាយ និងលើកស្ទួយដល់ជីវភាពរស់នៅរបស់កម្មករ កម្មកា រិនី សិស្ស និងនិស្សិតដែលស្នាក់នៅបន្ទប់ជួលតាមបណ្តាខណ្ឌនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ អនុសាស​ន៍អោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​សិក្សា​លទ្ធភាព​បញ្ចុះតំលៃ​ ផ្គត់​​ផ្គង់​ទឹកជូន​ពួក​គេទាំងនោះ។ តបតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល និងយោងតាមស្ថានភាពជាក់ស្តែង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះស្រង់ស្ថិតិម្ចាស់ផ្ទះជួលនៅតាមបណ្តា ខណ្ឌទូទាំងរាជធានីភ្នំពេញ និងក្រុង តាខ្មៅ ដែលមានសេវាទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបានរកឃើញថា មានម្ចាស់ផ្ទះជួល ប្រមាណ ៤,៣៥៦នាក់ កំពុងដំណើរការបន្ទប់ជួលប្រមាណ ៩០,៤៧៨បន្ទប់។ ម្ចាស់ផ្ទះជួលលក់ទឹកជូន កម្មករ កម្មកា រិនី សិស្ស និងនិស្សិតក្នុងតំលៃចាប់ពី ១.៥០០៛/ម៣ ២.០០០ ៛/ម៣ ២.៥០០ ៛/ម៣និង៣.០០០ ៛/ម៣ អាស្រ័យតាមទីតាំងជិត ឆ្ងាយ ទឹកមានសម្ពាធខ្សោយ រឺទឹកមានសម្ពាធខ្លាំង។ វិធានការដែលត្រូវដោះស្រាយចំពោះមុខគឺ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​កំណត់​តម្លៃ​ទឹកលក់ ជូនម្ចាស់ផ្ទះជួលត្រឹម ១,០៣០ ៛/ម៣ និងសំណូមពរ អោយម្ចាស់ផ្ទះជួលកំណត់តម្លៃទឹកលក់ជូនកម្មករ កម្មការិនី សិស្ស និងនិស្សិតពី ១,១០០ ៛/ម៣ ទៅ១,២០០ ៛/ម៣។ ជាលទ្ធផលម្ចាស់ផ្ទះជួលទាំងនោះបាន ឯកភាពចូលរួម​ធ្វើអំពើល្អជាមួយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយបានយល់ ព្រមលក់ទឹកជូនកម្មករ កម្មការិនី សិស្ស និងនិស្សិតតាមតំលៃកំណត់​របស់​រដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញ។ គិតត្រឹមថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសំរេចការងារផ្គត់ផ្គង់ទឹកជូនកម្មករ កម្មកា រិនី សិស្ស និងនិស្សិតបានប្រមាណ ៧១% នៃផែនការ ពោលគឺមានម្ចាស់ផ្ទះជួលចំនួន ៣,២១៤នាក់ (ស្មើនឹង៦៤,០៣៨បន្ទប់) បានឯកភាពចុះកិច្ចសន្យាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។