ការគ្រប់គ្រងនាឡិកាទឹក

ការងារគ្រប់គ្រងនាទ្បិកាទឹកត្រូវបានចែកចេញជា ៣ផ្នែកគឺៈ
(១)ការដាក់នាឡិកាទឹក ១០០% មានន័យថា គ្រប់បណ្តាញចូលផ្ទះទាំងអស់ត្រូវតែមាននាឡិកាទឹក
(២)ការជ្រើសរើសប្រភេទនាឡិកា ដែលមានសុក្រិតភាពខ្ពស់ និងគុណភាពសមស្រប និង
(៣) កម្មវិធីត្រួតពិនិត្យ និងផ្លាស់ប្តូរ។ នៅឆ្នាំ ១៩៩៣ បណ្តាញទឹកដែលមានបំពាក់នាឡិកាស្ទង់ មានចំនួន ៣,៣៩១ ដែលស្មើនឹង ១២,៦១%នៃចំនួនបណ្តាញសរុប ហើយការចេញវិក័យប័ត្រថ្លៃទឹកពេលនោះ ត្រូវបានគណនាបរិមាណទឹកតាមការប៉ាន់ស្មាន។
នៅឆ្នាំ ១៩៩៤ រ.ទ.ស.ភ បានចាប់ផ្តើមធ្វើការតំលើងនាឡិកាទឹកជាបន្តបន្ទាប់ លើគ្រប់បណ្តាញចូលផ្ទះ ដែលធ្វើអោយបញ្ឍប់បានទាំងស្រុង នូវការប៉ាន់ស្មានបរិមាណទឹកក្នុងវិក័យប័ត្រថ្លៃទឹក។ តារាងខាងក្រោមនេះបង្ហាញពីកំនើននាឡិកាទឹកតាមឆ្នាំនីមួយៗ ធៀបនឹងចំនួនបណ្តាញ ហើយចាប់ពីឆ្នាំ ២០០១ ទៅបណ្តាញចូលផ្ទះទាំងអស់មាននាឡិកាទឹក ១០០%។



ទាក់ទងនឹងសុក្រិតភាពនាឡិកាស្ទង់ គឺនៅឆ្នាំ ១៩៩៧ រ.ទ.ស.ភ បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរនាឡិកាចាស់ចំណាត់ថ្នាក់ B ដែលមានសុក្រិតភាពទាប គឺកំរិតលំអៀងលើសពី +/- 8% ជំនួសដោយនាឡិកាថ្នាក់ C វិញ ដែលមានសុក្រិតភាពខ្ពស់ជាង គឺមានកំរិតលំអៀងប្រមាណ +/- 2%។ វិធានចុងក្រោយនៃការគ្រប់គ្រងនាឡិកាទឹក គឺកម្មវិធីត្រួតពិនិត្យផ្លាស់ប្តូរនាឡិកា មានន័យថា នាឡិកាដែលដាក់អោយប្រើប្រាស់កាន់តែយូរ កំរិតលំអៀងរបស់វាកាន់តែខ្ពស់ ទាមទារអោយមានកម្មវិធីត្រួតពិនិត្យ និងធ្វើការផ្លាស់ប្តូរ។ ចាប់តាំងពីឆ្នាំ ១៩៩៤ រ.ទ.ស.ភ បានបង្កើតការិយាល័យជំនាញ សំរាប់ធ្វើការងារនេះជាប្រចាំ តាមបែបបទដំណើការស្តង់ដា ដែលបានដាក់ចុះអោយអនុវត្ត។

ដៃគូរពាណិជ្ជកម្ម