រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានក្រុមប្រឹក្សាទឹកស្អាតអាស៊ី (Asian Water Council - AWC) បញ្ជូលជាសមាជិកនៃក្រុមប្រឹក្សាទឹកស្អាតអាស៊ី ក្នុងវេទិកា Asia International Water Week (AIWW) លើកទី៣ ពិភាក្សាស្តីពី Enhancing Our Future Water Security នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបាន ក្រុមបឹ្រក្សាទឹកស្អាតអាស៊ី អញ្ជើញចូលរួមក្នុងវេទិកាប្រជុំស្តីពី Asia International Water Week លើកទី៣ រៀបចំឡើងដោយក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន (MWR) និងក្រុមប្រឹក្សាទឹកស្អាតអាស៊ី (AWC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

    ដោយ AWC បានពិនិត្យមើលឃើញអំពីចក្ខុវិស័យវែងឆ្ងាយ, សមត្ថភាព-បទពិសោធន៍នៃការដឹកនាំ-គ្រប់គ្រងក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត, ការវិវត្តន៍ឆ្ពោះទៅមុខរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពាក់ព័ន្ធនឹងដំណើរការ និងការរៀបចំផែនការសកម្មភាពក្នុងបរិបទបច្ចេកវិទ្យានវានុវត្តន៍ ក្រុមប្រឹក្សាទឹកស្អាតអាស៊ី បានស្នើសុំឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀបចំឯកសារបែបបទ ដើម្បីចូលរួមជាសមាជិកនៃក្រុមប្រឹក្សាទឹកស្អាតអាស៊ី។

    ក្នុងឱកាសថ្លែងចំណាប់អារម្មណ៍ ឯកឧត្តម ឡុង ណារ៉ូ បានមានប្រសាសន៍ថា៖ ការចូលរួមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាមោទនភាពមួយដ៏ធំធេង និងជាស្មារតីទទួលខុសត្រូវមួយទៀត របស់ថ្នាក់ដឹកនាំ-មន្ត្រីនិយោជិតទាំងអស់ ក្នុងការចាប់ផ្តើមជំពូកថ្មី ជាសមាជិករបស់ក្រុមប្រឹក្សាទឹកស្អាតអាស៊ី (Asian Water Council) និងមានសេចក្តីរំពឹងទុកយ៉ាងមុតមាំ ក្នុងនាមជាអង្គភាពវិស័យទឹកស្អាត និងបានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងរួមតែមួយ គឺជំរុញការគ្រប់គ្រង និងអភិវឌ្ឍវិស័យទឹកស្អាតឱ្យមានប្រសិទ្ធិភាព ប្រកបដោយនិរន្តភាព។

សូមគូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ AIWW នេះជាវេទិកាដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងទឹក ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង លើបញ្ហាប្រឈម ដែលពិភពលោក និងក្នុងតំបន់ កំពុងជួបប្រទះ។

ប្រភព៖ AWC's Newsletter Vol 29
https://www.asiawatercouncil.org/frontend/bbs/bbsView.do?bbsNo=00001&nttSn=96






















BUSINESS PARTNERS