របៀបប្រើប្រាស់ស្លឹកម្រុំធ្វើជាឱសថ



១. ម្រុំជាដើមឈើទិព្វ អាចធ្វើជាអាហារបំប៉ននិងព្យាបាលជម្ងឺបានជាង ៣០០ប្រភេទ
តាមការស្រាវជ្រាវ​ដោយ​អ្នកប្រាជ្ញ​ធំៗ​ជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក, អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា : ម្រុំមានផ្ទុកនូវជីវជាតិ (Vitamins) ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្ស (Antioxidants) ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ ម្រុំអាចព្យាបាល ជម្ងឺជាង ៣០០ប្រភេទ។ ម្សៅស្លឹកម្រុំ១០០ក្រាម មាន គុណភាពស្មើនឹងជាតិវីតាមីន-សេ នៅក្នុងក្រូច៧ផ្លែ, ជាតិកាល់ស្យូម នៅក្នុងទឹកដោះគោ៤កែវ, ជាតិវីតាមីន-អា នៅក្នុងការ៉ុត៤ផ្លែ និង ជាតិប៉ូតាស្យូម នៅក្នុងចេក៣ផ្លែ។ បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមប្រមាណ ១០ដុល្លា។

២. ម្រុំអាចព្យាបាលជម្ងឺជាអាទិ៍ :
• រោគស្រ្តេស (Stress) តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់
• រោគខ្វះឈាមនិងរោគលើសឈាម ធ្វើឱ្យមានចលនាឈាមបានល្អប្រសើរ
• រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាមបានយ៉ាងសក្តិសិទ្ធិ
• ជម្ងឺថ្លើមគ្រប់ប្រភេទ
• រោគផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត ជាដើម។
• រោគផ្លូវរំលាយអាហារ ដំបៅក្រពះ-ពោះវៀន
• លាងក្រពះ-ពោះវៀន (ថ្នាំបញ្ចុះ) ក្នុងករណីប្រើប្រាស់លើសកម្រិត (Overdose)
• សម្រក់ទម្ងន់។

* សម្គាល់
(១) ពេលទទួលទានម្សៅម្រុំ ៣-៤ថ្ងៃដំបូង អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ នោះគឺជាការធម្មតា សូមព្យាយាមទទួលទានបន្តទៅទៀត។
(២) ដោយសារវាជាថ្នាំធម្មជាតិ យើងមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។ សូមទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ ទើបមានប្រសិទ្ធភាពពិតប្រាកដ។


៣. វិធីយកម្រុំធ្វើជាឱសថ
ក- ផ្លែ : ទទួលទានឆៅ ជួយទម្លាក់សត្វល្អិត, ព្យាបាលរោគរាគរូស, ជម្ងឺថ្លើម និង បញ្ហាលំពែង ព្រមទាំងបំបាត់ការឈឺចាប់តាមសន្លាក់ ដោយសារតែវាមានជាតិប្រូតេអ៊ីននិងសរសៃរច្រើន។
ខ- ស្លឹក : អាចយកទៅស្លរធ្វើជាអាហារបំប៉ន ឬ យកទៅហាលឱ្យស្ងួតសម្រាប់ឆុងធ្វើតែ។ ក្នុងករណីចង់បានជីវជាតិច្រើនជាងនេះ គេយកស្លឹកដែលហាលស្ងួតទៅបុកធ្វើជាម្សៅដែលអាចទទួល ទានបាន ដោយអក ឬ ដោយឆុងជាមួយទឹកក្តៅធ្វើជាតែ រួចផឹក (បើអាចផឹកទាំងកាកបាន ក៏កាន់តែប្រសើរ)។

៤. របៀបធ្វើម្សៅស្លឹកម្រុំ
• កាត់មែក និង លួសយកតែស្លឹក
• លាងសំអាត និង សំដិលក្នុងម្លប់ រយៈពេល១៥នាទី
• ច្បូតយកស្លឹកចេញពីទង
• ហាលស្លឹកទាំងនោះក្នុងម្លប់ ឱ្យមានភាពស្រួយខ្ញោក (២ ទៅ ៣ថ្ងៃ)
• បុកស្លឹកដែលហាលស្ងួតទាំងនោះ ដើម្បីធ្វើជាម្សៅម្រុំ
• រែងយកកំទេចកំទីឬកាកធំៗចេញពីម្សៅដែលបុករួច
• ច្រកថង់ឬក្រឡ ហើយរក្សាទុកក្នុងទីកន្លែងងងឹត។

៥. កម្រិតប្រើប្រាស់ម្រុំជាមធ្យម (តាមធម្មតា)
• ក្មេងខ្វះជីវជាតិ មានរាងកាយស្គមស្គាំង ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៣ដង។
• អ្នកទើបងើបពីឈឺ មានសុខភាពទន់ខ្សោយ ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ២ដង។
• ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៦ដង។
• អ្នកមានសុខភាពល្អហើយ ប៉ុន្តែចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ ត្រូវញ៉ាំម្សៅម្រុំ ០១ ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ១ដង។

៦. របៀបដាំដើមម្រុំ
• យកគ្រាប់ពូជទៅវេចខ្ចប់នឹងក្រណាត់ឬក្រមា ហើយជ្រលក់ក្នុងទឹក រួចស្រង់ចេញទុកចោលរយៈពេល ១យប់។
• បន្ទាប់មក យកគ្រាប់ពូជទៅកប់ក្នុងកន្ទោង ជម្រៅរាក់ជាងមួយថ្នាំងដៃ។ ក្នុងចន្លោះ២សប្តាហ៍ គ្រាប់ពូជចាប់ផ្តើមចេញពន្លក។
• ទុកចោលឱ្យវាលូតលាស់រហូតដល់កំពស់ពី ១០ ទៅ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។
• យកកូនដើមម្រុំនោះទៅដាំនៅលើដីដែលមិនរលាំទឹក ដោយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្តផង។
• បើការដាក់ជីនិងថែរក្សាបានល្អ យើងអាចយកស្លឹកមកប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ៣ខែ តែប៉ុណ្ណោះ។

BUSINESS PARTNERS