សេចក្តីជូនដំណឹងស្តីពីការអនុគ្រោះថ្លៃទឹកស្អាតរយៈពេល ៣ខែជូនដល់ កម្មករ កម្មការិនី សិស្ស និស្សិត ក្នុងអំឡុងពេលបិទខ្ទប់ស្ថិតក្នុងតំបន់ក្រហម

       តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹកជូនដល់ កម្មករ កម្មការិនី សិស្ស និសិ្សត កំពុងស្នាក់នៅតំបន់បិទខ្ទប់។

       យោងតាមប្រសាសន៍អំពាវនាវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុកដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និសិ្សត កំពុងសា្នក់នៅចំនួន ៨៧០កន្លែង ដែលបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅក្នុងអំឡុងពេលនៃការបិទខ្ទប់។

       អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រីទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះក្នុងស្មារតីជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩។



















BUSINESS PARTNERS