រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសតែងតាំងអគ្គនាយកថ្មី
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២នេះ នៅអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានពិធីរៀបចំប្រកាសតែង តាំងអគ្គនាយកថ្មី ដែលលោក ស៊ឹម ស៊ីថា អតីតប្រធានអង្គភាពរដ្ឋាករទឹកក្រុងព្រះសីហនុ ត្រូវឡើងជំនួស ឯកឧត្តម ឯក សុនចាន់ ដែលត្រូវដំឡើងជាអនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
ពិធីប្រកាសតែងតាំងអគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនផ្សេងទៀត។
លោក ស៊ឹម ស៊ីថា ដែលត្រូវបាន ឡើងកាន់តំណែងថ្មី ក្នុងអង្គភាពមួយនេះ បានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យកាន់តែរីកចម្រើន ដែលបន្សល់ទុកពីឯកឧត្តម ឯក សុនចាន់។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ការផ្លាស់ប្តូរអគ្គនាយកថ្មីនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះធ្វើឡើងគ្មានអ្វីក្រៅពីការកែសម្រួលការងារក្នុងជួររដ្ឋបាលខណៈដែលឯកឧត្តម ឯក សុនចាន់ ត្រូវដល់ពេលចូលនិវត្តន៍។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍បញ្ជាក់ទៀតថា ការផ្ទេរតំណែងឯកឧត្តម ឯក សុនចាន់ នៅពេលនេះ មិនមែនជាការដកតំណែងទេ ក្រសួងធ្លាប់បានដកតំណែងមន្ដ្រីច្រើនណាស់ ដែលធ្វើខុស។ ឯកឧត្តម ឯក សុនចាន់ គឺជាមន្ដ្រីជំនាញដ៏ប៉ិនប្រសព្វ ដែលអាចនឹងជួយធ្វើឱ្យវិស័យទឹកស្អាត ២៤ ខេត្ដ-ក្រុងផ្សេងទៀត មានការរីកចម្រើនដូចជារាជធានីភ្នំពេញដែរ។ ចំណែកឯកលោក ស៊ឹម ស៊ីថា ដែលត្រូវមកជំនួសតំណែងឯកឧត្តម ឯក សុនចាន់ ក៏ជាមន្ដ្រីដឹកនាំល្អមួយរូបដែរ ហើយនឹងអនុវត្ដតាមអ្វីដែលធ្លាប់មានពីមុនមកនៅទីនេះ៕