រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ជាអង្គភាព Climate Smart Water Utility ក្នុងវេទិកាទឹកស្អាតពិភពលោក នាប្រទេសកាដាណា
កាលថ្ងៃទី១១-១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដោយទទួលបានឱកាសអនុញ្ញាតពី ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, លោក សំអូន សិរីសុមនុ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបាន International Water Association អញ្ជើញចូលរួមប្រកួតប្រជែងក្នុងកម្មវិធី 2024 Recognition Program of the Climate Smart Utilities Initiative នៅទីក្រុងតូរុនតូ ប្រទេសកាណាដា ក្នុងវេទិកាទឹកស្អាតពិភពលោក (World Water Congress) ដែលរៀបចំដោយ International Water Association។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឡុង ណារ៉ូ បានសម្រេចបានជោគជ័យ ដ៏មានមោទនភាពមួយទៀត នៅក្នុងវេទិកាទឹកស្អាតពិភពលោកអន្តរជាតិ (IWA) ដោយត្រូវបានជ្រើសរើស និងទទួលស្គាល់លក្ខណៈអន្តរជាតិ ជាអង្គភាព Most Inspiring and Recognition ក្នុងចំណោមបណ្តា ១៦អង្គភាពទឹកស្អាតនិងអនាម័យ ទូទាំងពិភពលោក តាមរយៈការបង្ហាញអំពីវិធានការណ៍ ផែនការយុទ្ធសាស្ត្រ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍អង្គភាពទឹកស្អាតក្នុងក្របខណ្ឌ Climate Smart Journey ក្រោមសសរស្តម្ភទាំង៣ Adaptation, Mitigation & Leadership សម្រាប់ការគ្រប់គ្រងទឹកប្រកបដោយនិរន្តភាព និងប្រកបដោយភាពច្នៃប្រឌិត។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមោទនភាព និងកិត្តិយសទទួលបានវិញ្ញាបនបត្រទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ Climate Smart ដែលមិនត្រឹមតែលើកកម្ពស់សេវាកម្មទឹកស្អាតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ភាពធន់នឹងបរិស្ថាន-ការបម្រែបម្រួលអាកាសធាតុផងដែរ។ ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់របស់យើង សម្រាប់ការអភិវឌ្ឍន៍ឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពសម្រាប់យើងទាំងអស់គ្នា។