ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន - ២០០៩(JAPAN XIII) និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់មេត្តាជ្រាបថា នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រ.ទ.ស.ភ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំរបស់ រ.ទ.ស.ភ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម AMAKAWA HIROFUMI អនុរដ្ឋមន្ត្រី ទទួលបន្ទុកដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការអភិវឌ្ឍន៍ហុកកៃដូ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ស្ថិតនៅរោងចក្រផលិតទឹកស្អាតបឹងធំរបស់ រ.ទ.ស.ភ នៅភូមិបឹងធំ២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រផលិតទឹកស្អាតនេះមានសមត្ថភាពផលិត ៦.០០០ម៣/ថ្ងៃ ធ្វើឱ្យ រ.ទ.ស.ភ មានសមត្ថភាពផលិតសរុបកើនដល់ចំនួន ៩៨៨.០០០ម៣/ថ្ងៃ ដើម្បីផ្គត់ផ្គងទៅដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាមួយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។ រោងចក្រផលិតទឹកស្អាតនេះគ្រោងនឹងផ្គត់ផ្គងទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចំនួន១០ ក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ស្មើនឹងប្រមាណ ៣.០០០គ្រួសារ។ សមិទ្ធផលថ្មីនេះ បានចូលរួមជាចំណែកឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃការធានាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យបាន ១០០% សម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ ២០៣០ តទៅ ដោយបច្ចុប្បន្ន រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ ៩៦% នៃប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។












ដៃគូរពាណិជ្ជកម្ម