សេវាអតិថិជន

    ចំពោះអតិថិជន ដែលមានបំពង់ចែកចាយទឹកនៅពីមុខផ្ទះ ហើយមានបំណងតបណ្តាញទឹក​ចូលផ្ទះ​ត្រូវ​អញ្ជើញ​មកកាន់​ការិយាល័យ​បណ្តាញ​ចូល​ផ្ទះ​​នៅ​ទីស្នាក់ការ រ.ទ.ស.ភ ដើម្បីយកពាក្យសុំសិទ្ធិជាវទឹក ដែលផ្តល់ជូនដោយឥតគិតថ្លៃទៅបំពេញ និងយកមកដាក់វិញ​ដោយភ្ជាប់មក​ជាមួយ​នូវឯកសារ​ចាំបាច់​មួយចំនួន។ ដោយឡែក ចំពោះអតិថិជនដែលគ្មាន​បំពង់ចែក​ចាយ​ទឹក​នៅពីមុខ​ផ្ទះត្រូវរួម​គ្នាធ្វើសំណើ​សុំ​ដាក់​បំពង់ទឹក​ ដើម្បី​តបណ្តាញ​ចូលផ្ទះ។

    នៅពេលទទួលបានសំណើសុំដាក់បំពង់ចែកចាយទឹកចូលទៅក្នុងតំបន់ ដែលពុំទាន់មានបំពង់ទឹក ការិយាល័យបណ្តាញចូលផ្ទះ និងសហការ​ជាមួយ​ការិយាល័យ​សិក្សា​គម្រោង ដើម្បីចុះពិនិត្យមើលពីលទ្ធភាពដាក់បំពង់ទឹកចូលទៅក្នុងតំបន់នោះ។ បើសិនមិនអាចដាក់បំពង់ទឹកបាន អ្នកស្នើសុំនឹង​ទទួល​នូវលិខិត​ឆ្លើយតប​បញ្ជាក់​ពីមូលហេតុដែល រ.ទ.ស.ភ មិនអាចដាក់បំពង់ទឹកជូនបាន។ ប៉ុន្តែបើសិនជាអាចដាក់បំពង់ទឹកបានវិញ រ.ទ.ស.ភ នឹងសហ-ការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការប្រជុំផ្សព្វផ្សាយដល់ប្រជាជនក្នុងតំបន់ អំពីគោលការណ៍សំខាន់ៗក្នុងការផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ដែលរួមមាន៖

         • ដំណើរការប្រព្រឹត្តកម្ម និងគុណភាពទឹកស្អាត
         • បែបបទសុំតបណ្តាញទឹក និងថ្លៃតបណ្តាញចូលផ្ទះ
         • គោលនយោបាយរបស់ រ.ទ.ស.ភ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រឲ្យមាន បណ្តាញ ទឹកប្រើប្រាស់ដោយផ្ទាល់ជាមួយរដ្ឋ
         • សិទ្ធិ និងការទទួលខុសត្រួវលើបណ្តាញទឹក
         • ថ្លៃប្រើប្រាស់ទឹក និងការគណនាថ្លៃប្រើប្រាស់ទឹកក្នុងវិក័យបត្រ
         • ប្រការមួយចំនួនទៀតដែលអតិថិជនត្រូវយល់ដឹងនឹងចៀសវាង

    ស្របពេលជាមួយគ្នានោះ ប្រជាជន​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃនូវពាក្យសុំតបណ្តញទឹក និង​ត្រូវ​បាន​ពន្យល់​ណែនាំ​អំពី​របៀប​បំពេញ​ពាក្យសុំនោះ​ទៀតផង។

    ក្នុងរយៈពេលមិនលើសពី ៣ថ្ងៃនៃថ្ងៃធ្វើការ គិត​ចាប់​ពីថ្ងៃទទួល​ពាក្យសុំតបណ្តាញ ភ្នាក់ងារវាស់វែង​ត្រូវ​ចុះពិនិត្យ​គូសប្លង់បណ្តាញ និង​ទីតាំង​ដែល​ត្រូវដាក់​នាឡិកាទឹក ដោយមាន​ការឯកភាព​ពីអ្នក​ប្រើប្រាស់​នឹងត្រូវ​សម្ភាសន៍​អ្នក​ដែលមានចំណូល​ទាប​ដែល​ស្នើ​សុំការ​ឧបត្ថម្ភធន។ ក្រោយពេល​វាស់វែងរួច ថ្លៃ​សិទ្ធិ​ជាវទឹកត្រូវបានកំណត់ និងជូន​ដំណឹង​ដល់​អតិថិ​ជន​ក្នុងថ្ងៃ ចំពោះ​បណ្តាញ​ទឹក​តាម​ស្តង់ដារ (បណ្តាញទឹក​មាន​នាឡិកា​ទំហំ ១៥ម.ម និងមាន​ប្រវែងមិនលើសពី ១០ម.ម) ក្នុងរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការ ចំពោះបណ្តាញឧបត្ថម្ភធន និងក្រោយការសម្រេចរបស់ថ្នាក់ដឹកនាំអង្គភាព(មិនកំណត់ថ្ងៃ) ចំពោះបណ្តាញទឹកពិសេស។

    ក្នុងរយៈពេលមិនលើសពី ៣ថ្ងៃនៃ​ថ្ងៃធ្វើការ​ក្រោយពីថ្ងៃ​បង់ប្រាក់ថ្លៃ​សិទ្ធិជាវទឹករួច​ជាងតបណ្តាញរបស់ រ.ទ.ស.ភ នឹងចុះតបណ្តាញទឹកជូន​អតិថិជន ដោយមានកំណត់​ហេតុប្រគល់​ទទួលបណ្តាញទឹក។

    ក្រោយពេលតបណ្តាញរួច មិនលើសពី ៣ថ្ងៃនៃថ្ងៃធ្វើការ ទិន្នន័យអតិថិជនត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធណាវីហ្សិន(Navision) សម្រាប់​រៀប​ចំវិក្កយបត្រ​ថ្លៃប្រើប្រាស់ទឹក។ ទិន្នន័យអតិថិជន​ទាំងអស់ត្រូវបាន​ថតចម្លង​ទុក​ប្រចាំថ្ងៃ និងសប្តាហ៍ ដើម្បីធានា​សុវត្ថិភាព​ដោយ​ធ្វើការ​ត្រួត​ពិនិត្យ​នៅរាល់​ចុងត្រីមាសនីមួយៗ។

    • បែបបទស្នើសុំតបណ្តាញទឹកស្អាតសំរាប់ប្រភេទអតិថិជនជីវភាព (សំរាប់ប្រភេទនាឡិកា ១៥មម ដល់ ៤០មម) (Download)

ដៃគូរពាណិជ្ជកម្ម