ការទទួលពានរង្វាន់ ”Best Enterprise Award and Manager of the Year” នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស

     រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលពានរង្វាន់ Best Enterprise ជាពានរង្វាន់ខ្នាតអន្តរជាតិដែលបានបង្កើតឡើង សម្រាប់​ប្រគល់​ជូន​ដល់​បណ្តា​ក្រុមហ៊ុនទាំងឡាយលើពិភពលោក និងមេដាយ Manager of the Year ប្រគល់ជូននាយកប្រតិបត្តិ (CEO) ដែលមានស្នាដៃឈានមុខគេក្នុងការងារអាជីវកម្ម, សេដ្ឋកិច្ច និងការវិវឌ្ឍន៍រីកចម្រើនរបស់សង្គម។
     ការវាយតម្លៃផ្តល់ជ័យលាភីបានផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងគុណភាពសរុប (Total Quality Management) ដោយរាប់​បញ្ចូល​​ទាំង​គុណភាព​​ក្នុង​ការ​បម្រើ​អតិថិជន, ភាពជាអ្នកដឹកនាំ និងការ​ប្តេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ។
     កម្មវិធី​ប្រគល់​ពានរង្វាន់​និង​មេដាយ​នេះ​បាន​ប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែមេសាឆ្នាំ២០១៥ ដោយ​មាន​ជ័យលាភី​សរុបចំនួន៤០ក្រុមហ៊ុន មក​ពី៣២ប្រទេស​ជុំវិញ​ពិភព​លោក ក្នុង​នោះ​មាន៧រូបជា​អ្នកនយោបាយ (អភិបាលក្រុង) និង២រូបជាអ្នកវិទ្យាសាស្ត្រ។ ដោយឡែក​ពីប្រទេសកម្ពុជាយើងមាន​ជ័យលាភីចំនួន​២គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផលិតនំស្រួយ លីលី។
     ជាមួយនឹងពានរង្វាន់ទាំងពីរនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​កាន់​តែរក្សា​បាន​នូវកេរ្តិ៍ឈ្មោះល្បីនៅលើ​ឆាកជាតិនិងឆាកអន្តរជាតិ។ នេះជា​ជោគជ័យ​ថ្មីបន្ថែម​មួយទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃបំផុតរបស់    សម្តេចអគ្គមហាសេនាបតីតេជោ      ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង និង ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអាណាព្យាបាល ព្រមទាំងក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ។
     ជាកិច្ចឆ្លើយតបទៅនឹងគុណូបការៈគុណនេះ ខ្ញុំបាទទាំងអស់គ្នា​នឹងបន្តខិតខំបំពេញ​បេសកម្មរបស់​​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សំដៅ​បន្តពង្រឹងនិងពង្រីក​សេវាកម្មទឹកស្អាត​ជូនដល់រាល់​ប្រជាពលរដ្ឋក្នុងទូទាំងរាជធានីភ្នំពេញ ព្រមទាំងក្នុងទីប្រជុំជននានា តាមការចង្អុលបង្គាប់​របស់រាជរដ្ឋាភិបាល ដើម្បី​បន្តចូលរួម​ចំណែក​​សម្រេចគោលដៅទី៧ នៃគោល​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាយើង។











ដៃគូរពាណិជ្ជកម្ម