របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣

               ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១០៧.៧១៨.៧៣៥.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ១៦.១៤៥.៨៨១.០០០រៀល ឬ ១៧,៦៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៩.៧៧៣.៨១៤.០០០រៀល កើនឡើងចំនួន ១១.៧៦១.៨៨៨.០០០រៀល ឬ ៤១,៩៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២២។ សម្រាប់រយះពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៨៧.១៦៤.០១២.០០០រៀល កើនឡើងចំនួន ២៥.៨៥៦.៩៤៣.០០០រៀល ឬ ៩,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩១.៤១៥.៤៩៨.០០០រៀល កើនឡើងចំនួន ៥.៣២០.២៣៨.០០០រៀល ឬ ៦,១៨% បើធៀបនឹងរយះពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.០២៤.៦០២.៩៩៤.០០០រៀល កើនឡើងចំនួន ៣៤០.៤៦៧.១១៩.០០០រៀល ឬ ១២,៦៨% និងមូលធនសរុបមានចំនួន ១.៣៥៩.៣២៣.៣៨៧.០០០រៀល កើនឡើងចំនួន ៨៧.១១០.៣៤០.០០០រៀល ឬ ៦,៨៥%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,៣០ ដង
     ១.២ អនុបាតចរន្តលឿន១,៤២ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៣៥ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៩៧ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤៤,៣០ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៦,៩២ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៤៥៧,៣១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៥៣,៧១ ដង
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៣(ភាសាអង់គ្លេស)


សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ យើងគ្រោងផលិតទឹកស្អាត ៧៣.៩៨០.១០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ៨៥.១០៤,៣៦ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១១.៨១៩.៣៥៤.០០០រៀល និងចំណាយសរុបចំនួន ៦៣.១៤៣.០៧៤.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

រ.ទ.ស.ភ សូមបកស្រាយចំពោះការចាត់ថ្នាក់ឡើងវិញនៃចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធដែលនាំឱ្យមានការប្រែប្រួលក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ដូចខាងក្រោម៖
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណបរទេស និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសពីកម្ចី ត្រូវបានដកចេញពីការបង្ហាញក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា ហើយត្រូវបានបង្ហាញជា "ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ" ក្នុងរបាយការណ៍ចំណេញ ឬខាតវិញ ដែលខុសគ្នាពីការបង្ហាញក្នុងរបាយការណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ដែលចំណេញ និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសទាំងនោះ ត្រូវបានបង្ហាញនៅក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា។ ដូច្នេះ ក្នុងគោលបំណងក្នុងការប្រៀបធៀប ចំណេញ ឬខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេស ត្រូវបានកែតម្រូវ ដោយបង្ហាញក្នុងចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធវិញ ដើម្បីអោយការបង្ហាញស្របទៅតាមគ្រាបច្ចុប្បន្ន។ ការផ្លាស់ប្តូរក្នុងការបង្ហាញ គឺដើម្បីអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS23)៖ ចំណាយកម្ចី ដែលធ្វើអោយមានការផ្លាស់ប្តូរតួលេខប្រៀបធៀបដែលបានបង្ហាញរួចហើយ ដូចដែលបានបង្ហាញក្នុងកំណត់សំគាល់លេខ ១៨ ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលកន្លងមក។ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលត្រីមាសទី៣ ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះ ត្រូវបានចាត់ទុកថា មិនមានភាពជាសារវន្ត។

ដៃគូរពាណិជ្ជកម្ម