របាយការណ៍ប្រចាំឆ្នាំ២០២៣

       ក្នុងឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៩២.០៥៤.៣៦៥.០០០រៀល កើនឡើងជាងឆ្នំា២០២២ ចំនួន ៤៤.៧៧០.៥០៩.០០០រៀល ឬ ១២,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៦.៦០៩.៥៨២.០០០រៀល កើនឡើងចំនួន ១៨.៤២៣.៧១៧.០០០រៀល ឬ ១៧,០៣% បើធៀបនឹងឆ្នំា២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.១៥៩.០៦០.៣២៣.០០០រៀល កើនឡើងចំនួន ៤៧៤.៩២៤.៤៤៨.០០០រៀល ឬ ១៧,៦៩% និងមូលធនសរុបមានចំនួន ១.៣៩៤.៥១៧.៤៧១.០០០រៀល កើនឡើងចំនួន ១២២.៣០៤.៤២៤.០០០រៀល ឬ ៩,៦១%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត២,៦០ ដង
១.២ អនុបាតចរន្តលឿន១,៥១ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៤,៣៣%
២.២ អនុបាតចំណេញធៀបនឹងមូលធន៩,៥០%
២.៣ អនុបាតគម្លាតចំណេញដុល៣៨,៣៣%
២.៤ អនុបាតគម្លាតចំណេញភាព៣២,២៩%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១.៤៥៥,៧៣រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៤២,៥៩ដង

សម្រាប់ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៣១១.២២៤.៣០០ម៣ ជាមួយនឹងពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៨៨.៤៥០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៤៧០.៦០០.៦៩២.០០០រៀល និងចំណាយសរុបចំនួន ២៨៤.៦៣៤.៦៣៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

រ.ទ.ស.ភ សូមបកស្រាយចំពោះការចាត់ថ្នាក់ឡើងវិញនៃចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធដែលនាំឱ្យមានការប្រែប្រួលក្នុងឆ្នាំ២០២២ ដូចខាងក្រោម៖ នៅក្នុងឆ្នាំនេះ (២០២៣) ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណបរទេស និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសពីកម្ចី ត្រូវបានដកចេញពីការបង្ហាញក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា ហើយត្រូវបានបង្ហាញជា "ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ" ក្នុងរបាយការណ៍ចំណេញ ឬខាតវិញ ដែលខុសគ្នាពីការបង្ហាញក្នុងរបាយការណ៍ក្នុងឆ្នាំ២០២២ ដែលចំណេញ និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសទាំងនោះ ត្រូវបានបង្ហាញនៅក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា។ ដូច្នេះ ក្នុងគោលបំណងក្នុងការប្រៀបធៀប ចំណេញ ឬខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេស ត្រូវបានកែតម្រូវ ដោយបង្ហាញក្នុងចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធវិញ ដើម្បីឱ្យការបង្ហាញស្របទៅតាមគ្រាបច្ចុប្បន្ន។

ការផ្លាស់ប្តូរក្នុងការបង្ហាញ គឺដើម្បីអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS23)៖ ចំណាយកម្ចី ដែលធ្វើឱ្យមានការផ្លាស់ប្តូរតួលេខប្រៀបធៀបដែលបានបង្ហាញរួចហើយ ដូចដែលបានបង្ហាញក្នុងកំណត់សំគាល់លេខ 30 ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះ ត្រូវបានចាត់ទុកថា មិនមានភាពជាសារវន្ត។

នៅក្នុងឆ្នាំបច្ចុប្បន្ន (២០២៣) សមតុល្យជាមួយរតនាគារជាតិត្រូវបានចាត់ថ្នាក់ឡើងវិញពីសាច់ប្រាក់ និងសាច់ប្រាក់សមមូល ទៅគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗវិញ ដើម្បីឆ្លុះបញ្ចាំងពីប្រភេទរបស់វាដោយផ្អែកលើ CIAS 7: របាយការណ៍លំហូរសាច់ប្រាក់។ មូលហេតុ គណៈគ្រប់គ្រងមិនបានប្រើក្នុងការប្រមូលសាច់ប្រាក់ពីរតនាគារជាតិសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃទេ។ ក្នុងករណីនេះសមតុល្យជាមួយរតនាគារជាតិទាំងនោះមិនស្ថិតនៅក្រោមនិយមន័យនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលនៃ CIAS 7 ឡើយ។ របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះត្រូវបានចាត់ទុកថាមិនមានភាពជាសារវន្ត។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ប្រចាំឆ្នាំ២០២៣ (ភាសាខ្មែរ)
របាយការណ៍ប្រចាំឆ្នាំ២០២៣ (ភាសាអង់គ្លេស)

ដៃគូរពាណិជ្ជកម្ម