ការគ្រប់គ្រងទឹកបាត់បង់

     ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រ.ទ.ស.ភ បានចាត់ទុកការកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្លាប់រស់របស់អង្គភាព ដោយហេតុថាការកាត់បន្ថយទឹកបាត់បង់អោយចុះទាប ជាហេតុនាំអោយបង្កើនបាននូវអត្រាធ្វើវិក័យប័ត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។

     អត្រាទឹកបាត់បង់របស់រដ្ឋាករទឹកភ្នំពេញ នៅក្នុងឆ្នំា ១៩៩៣ មានកម្រិតខ្ពស់បំផុតគឺប្រមាណ ៧២% ប៉ុន្តែអត្រានេះបានថយចុះជាលំដាប់រហូត​មក​នៅ 8.5% ក្នុងឆ្នំា2022។ ការទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលដ៏ខ្លីនេះ បានធ្វើអោយស្ថាប័នអន្តរជាតិធំៗវាយតម្លៃខ្ពស់ចំពោះ រ.ទ.ស.ភ តាមរយៈការផ្តល់ជ័យលាភី និងពានរង្វាន់លំដាប់ពិភពលោក ដូចមានរៀបរាប់រួចខាងលើ។

អត្រាទឹកគ្មានចំណូលពីឆ្នាំ 1993 ដល់ 2022

លទ្ធផលកាត់បន្ថយទឹកបាត់បង់ខាងលើនេះ បានមកដោយ រ.ទ.ស.ភ បានបង្កើតនូវវិធានការចំនួន ៦ ក្នុងកម្មវិធីកាត់បន្ថយទឹកបាត់បង់របស់ខ្លួន គឺ៖

១- ការងារគ្រប់គ្រងអតិថិជន
នៅមុនឆ្នំា ១៩៩៣ ការគ្រប់គ្រងអតិថិជនមានកង្វះខាតយ៉ាងខ្លំាង។ ដូចបានរៀបរាប់រួចនៅខាងដើម ចំនូនអតិជនក្នុងបញ្ជី ខុសពីចំនួនអតិជនពិតប្រាកដយ៉ាងច្រើន ជាងនេះទៅទៀត ក្នុងបញ្ជីពុំបានកត់ត្រាអ្នកមានបណ្តាញទឹកទេ តែបែរជាមានឈ្មោះអ្នកដែលគ្មានបណ្តាញទឹកប្រើប្រាស់ទៅវិញ។ កត្តានេះ ទើបធ្វើអោយអត្រាប្រមូលប្រាក់ថ្លៃទឹកនៅពេលនោះ មានត្រឹមតែ ៤៨% ប៉ុណ្ណោះ។ ដើម្បីកែតំរូវបញ្ជីនេះ អោយត្រឹមត្រូវឡើងវិញ ដោយបានស្នើសុំកំលាំងអន្តរាគមន៍ប្រមាណ ១០០នាក់ ពីសាលាក្រុងភ្នំពេញជាជំនួយ រ.ទ.ស.ភ បានបើកយុទ្ធនាការអង្កេតអតិថិជនមួយនៅទូទំាងផ្ទៃសេវា ដោយចាប់ផ្តើមនៅក្នុងខែមីនា ឆ្នំា១៩៩៤ និងបញ្ចប់នៅបំណាច់ឆ្នាំ ១៩៩៤។ ជាលទ្ធផលនៃយុទ្ធនាការនេះ គឺបានរកឃើញអ្នកមានបណ្តាញទឹកប្រើប្រាស់ តែពុំមានកត់ត្រាក្នុងបញ្ជីអតិថិជនចំនួន ១៣,៧២២អតិថិជន ដោយឡែកក៏បានរកឃើញអ្នកដែលមានឈ្មោះក្នុងបញ្ជី តែជាក់ស្តែងពុំមានបណ្តាញទឹកប្រើប្រាស់ចំនួន ១២,៩៨០អតិថិជន។ ក្នុងនេះដែរ ក៏បានរកឃើញអណ្តូងរួមចំនួន ១,៩៤៥ ដោយពុំដែលមានវិក័យប័ត្រទូទាត់ថ្លៃទឹក (ដោយសារសំពាធទាបនៅពេលនោះ ដែលទឹកពុំអាចឡើងផុតពីផ្ទៃដី គេបាននាំគ្នាជីកអណ្តូង រួចចោះបំពង់មេចែកចាយទឹក ដើម្បីបង្ហូរទឹកពីបំពង់ចូលទៅក្នុងអណ្តូង ហើយប្រើប្រាស់រួមគ្នាច្រើនគ្រួសារ)។ ដំណោះស្រាយចំពោះមុខ គឺទី ១ តំលើងនាឡិកាមេលើបំពង់ដែលបង្ហូរទឹកចូលអណ្តូង រួចចាត់អោ-យមានតំណាងដើម្បីទូទាត់ថ្លៃទឹក ទី២ ក្នុងករណីពុំអាចរកតំណាងបាន ត្រូវរៀបចំបណ្តាញតាមផ្ទះនីមួយៗ ហើយលុបអណ្តូងនេះចេញ។ អណ្តូងរួមទាំងនេះ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់រហូតបញ្ចប់ជាស្ថាពរ នៅក្នុងពេលផ្លាស់ប្តូរបំពង់មេចែកចាយទឹកថ្មី ដោយរៀបចំជា បណ្តាញចូលផ្ទះនីមួយៗទាំងអស់។

២- ការងារគ្រប់គ្រងនាទ្បិកាទឹក
ការងារគ្រប់គ្រងនាទ្បិកាទឹកត្រូវបានចែកចេញជា ៣ផ្នែកគឺៈ (១)ការដាក់នាឡិកាទឹក ១០០% មានន័យថា គ្រប់បណ្តាញចូលផ្ទះទាំងអស់ត្រូវតែមាននាឡិកាទឹក (២)ការជ្រើសរើសប្រភេទនាឡិកា ដែលមានសុក្រិតភាពខ្ពស់ និងគុណភាពសមស្រប និង(៣) កម្មវិធីត្រួតពិនិត្យ និងផ្លាស់ប្តូរ។ នៅឆ្នាំ ១៩៩៣ បណ្តាញទឹកដែលមានបំពាក់នាឡិកាស្ទង់ មានចំនួន ៣,៣៩១ ដែលស្មើនឹង ១២,៦១%នៃចំនួនបណ្តាញសរុប ហើយការចេញវិក័យប័ត្រថ្លៃទឹកពេលនោះ ត្រូវបានគណនាបរិមាណទឹកតាមការប៉ាន់ស្មាន។ នៅឆ្នាំ ១៩៩៤ រ.ទ.ស.ភ បានចាប់ផ្តើមធ្វើការតំលើងនាឡិកាទឹកជាបន្តបន្ទាប់ លើគ្រប់បណ្តាញចូលផ្ទះ ដែលធ្វើអោយបញ្ឍប់បានទាំងស្រុង នូវការប៉ាន់ស្មានបរិមាណទឹកក្នុងវិក័យប័ត្រថ្លៃទឹក។ តារាងខាងក្រោមនេះ បង្ហាញពីកំនើននាឡិកាទឹកតាមឆ្នាំនីមួយៗ ធៀបនឹងចំនួនបណ្តាញ ហើយចាប់ពីឆ្នាំ ២០០១ទៅបណ្តាញចូលផ្ទះទាំងអស់មាននាឡិកាទឹក ១០០%។

ទាក់ទងនឹងសុក្រិតភាពនាឡិកាស្ទង់ គឺនៅឆ្នាំ ១៩៩៧ រ.ទ.ស.ភ បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរនាឡិកាចាស់ចំណាត់ថ្នាក់ B ដែលមានសុក្រិតភាពទាប គឺកំរិតលំអៀងលើសពី +/- 8% ជំនួសដោយនាឡិកាថ្នាក់ C វិញ ដែលមានសុក្រិតភាពខ្ពស់ជាង គឺមានកំរិតលំអៀងប្រមាណ +/- 2%។ វិធានចុងក្រោយនៃការគ្រប់គ្រងនាឡិកាទឹក គឺកម្មវិធីត្រួតពិនិត្យផ្លាស់ប្តូរនាឡិកា មានន័យថា នាឡិកាដែលដាក់អោយប្រើប្រាស់កាន់តែយូរ កំរិតលំអៀងរបស់វាកាន់តែខ្ពស់ ទាមទារអោយមានកម្មវិធីត្រួតពិនិត្យ និងធ្វើការផ្លាស់ប្តូរ។ ចាប់តាំងពីឆ្នាំ ១៩៩៤ រ.ទ.ស.ភ បានបង្កើតការិយាល័យជំនាញ សំរាប់ធ្វើការងារនេះជាប្រចាំ តាមបែបបទដំណើការស្តង់ដា ដែលបានដាក់ចុះអោយអនុវត្ត។

៣- ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មី
ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មីជាវិធានការមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយទឹកបាត់បង់។ ចាប់ពីឆ្នំា ១៩៩៣ រហូតដល់ឆ្នាំ ២០០១ រ.ទ.ស.ភ បានអនុវត្តកម្មវិធីផ្លាស់ប្តូរបំពង់ចាស់យ៉ាងសកម្មបំផុត ជាមួយនឹងការប្តូរបណ្តាញចូលផ្ទះចាស់ទំាងអស់ ទន្ទឹមពេលគ្នាជាមួយការផ្លាស់ប្តូរបំពង់ថ្មី (ដូចមានរៀបរាប់រួច ក្នុងចំនុច ក.៧ ខាងលើ)។ ដើម្បីធានាបាននូវគុណភាពប្រព័ន្ធចែកចាយទឹកក្រោយពីតំលើងរួច ចំនុចសំខាន់ក្នុងការងារដាក់បំពង់មេចែកចាយទឹក និងការរៀបចំបណ្តាញចូលផ្ទះ គឺការកំនត់នូវប្រភេទបំពង់ ការកសាងនូវបែបបទដំណើការស្តង់ដាសំរាប់ការតំលើងប្រព័ន្ធចែកចាយទឹក និងបណ្តាញចូលផ្ទះ ការបណ្តុះបណ្តាលដល់និយោជិតអោយក្លាយជាជំនាញពិតប្រាកដ ។

៤- ការជួសជុលទឹកធ្លាយទាន់ពេលវេលា
ការជួសជុលទឹកធ្លាយទាន់ពេលវេលាគឺជាវិធានការសំខាន់ណាស់ ក្នុងការកាត់បន្ថយនូវបរិមាណទឹក ដែលហូរចោលតាមការលេចធ្លាយ។ មកទល់នឹងឆ្នំា ១៩៩៣ រដ្ឋាករទឹកភ្នំពេញពុំមានក្រុមជូសជុលទឹកធ្លាយជាក់លាក់ទ្បើយ គឺមានតែក្រុមបណ្តាញចែកចាយ ដែលមានភារកិច្ចពុំច្បាស់លាស់ ជូនកាលជួសជុលទឹកធ្លាយ ជូនខួងលាងបំពង់ចាស់ដែលច្រេះស៊ីធ្វើអោយស្ទះជិតបំពង់ ហើយមួយដងមួយកាលទៅដាក់បំពង់ចែកចាយ ដែលមានគម្រោង ១ ឬ២កន្លែងក្នុងមួយឆ្នំា ។ ក្រុមនេះ មានសមាជិកប្រមាណ ១០ នាក់ ជាមួយនឹងប្រាក់បំណាច់ដ៏ស្តួចស្តើង គូបផ្សំនឹងកង្វះការគំាទ្រលើកទឹកចិត្តផង ធ្វើអោយបុគ្គលិកមិនមានអារម្មណ៏បំពេញការងារ ភាគច្រើនគ្រាន់តែមកបង្ហាញមុខ ហើយត្រទ្បប់ទៅផ្ទះវិញ។ ស្ថានភាពដូចនេះធ្វើ អោយសកម្មភាពជួសជុលទឹក ធ្លាយជាក់ស្តែងក្លាយជាករណីមួយ ដែលកម្រកើតមានណាស់។ ហេតុនេះ មកទល់បច្ចុប្បន្ន យើងពុំមានស្ថិតិអំពីចំនូនទឹកធ្លាយ និងចំនួនដែលបានជួសជុលច្បាស់លាស់ នៅបណ្តាឆ្នំាទំាងនោះទេ។ មួយវិញទៀត កង្វះខាតសំភារៈសំរាប់ជួសជុលគួបផ្សំនឹងបុគ្គលិកគ្មានជំនាញផង ធ្វើអោយការជួលជុលពេលនោះ ប្រាសចាកពីលក្ខណៈបច្ចេកទេសទំាងស្រុង ដូចជា ជួសជុលដោយប្រើប្រាស់ចម្រៀកកៅស៊ូពោះវៀនកង់ ម៉ូតូ មករុំត្រង់ចំនុចលេចធ្លាយ ឬចំាងសម្រួចឈើធ្វើជាឆ្នុក បិទភ្ជិតរន្ធបំពង់ដែលលេចធ្លាយតែម្តង។

នៅឆ្នំា ១៩៩៤ ក្រុមជួសជុលទឹកធ្លាយចំនួន ២ក្រុមត្រូវបានបង្កើតទ្បើង និងប្រគល់ភារកិច្ចអោយជួសជុលទឹកធ្លាយគ្រប់ប្រភេទ។ ចាប់ពីពេលនោះមក ទើបមានការកត់ត្រា តួលេខអំពីចំនួនទឹកធ្លាយ ដែលក្នុងមួយឆ្នំាមានទឹកធ្លាយសរុបប្រមាណ ១,៨០០ កន្លែង ពោលគឺតម្រូវអោយធ្វើការជួសជុលយ៉ាងហោចបំផុត ០៥កន្លែង ក្នុងមួយថ្ងៃ។ ចាប់ពីពេលនោះ ក្រុមនេះទទួលបានការបំពាក់បំប៉នសមត្ថភាពជំនាញជាបន្តបន្ទាប់ រួមទំាងការផ្តល់នូវមធ្យោបាយសំរាប់បំពេញភារកិច្ច ការផ្គត់ផ្គង់សម្ភារជួសជុលគ្រប់គ្រាន់។ បច្ចុប្បន្ន ការងារជួសជុលទឹកធ្លាយត្រូវបាន រ.ទ.ស.ភ កំណត់ជាការងារអាទិភាពបំផុត ព្រមទំាងបានដាក់ចេញនូវបែបបទ ដំណើការស្តង់ដា សម្រាប់អោយអនុវត្តតាម ជាពិសេសគឺត្រូវមានកំលាំងប្រចាំការជួសជុល ២៤ម៉ោង និងចាប់ផ្តើមជួសជុលមិនអោយលើសពី ១ម៉ោង ក្រោយពីទទួលបាន ព័ត៌មានអំពីទឹកធ្លាយ ។

៥- ការងារគ្រប់គ្រងទឹកបាត់បង់ជាតំបន់
ការងារនេះបានចាប់ផ្តើមពីការបង្កើតនូវក្រុមគ្រប់គ្រងទឹកបាត់បង់ចំនួន ០១ក្រុម នៅឆ្នាំ ១៩៩៦ ដែលមានសមាជិកចំនួន ០៥នាក់ និងទទួលការបណ្តុះបណ្តាលពីទីប្រឹក្សាបច្ចេកទេសម្នាក់ ពីក្រុមហ៊ុន Safage ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសបារាំង។ ក្រុមនេះបានអនុវត្តការងារបណ្តើរ រៀនសូត្រដកបទពិសោធន៍ផង នៅតំបន់គំរូចំនួន ០៣តំបន់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងទី ២ និងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។ មុខសញ្ញាសំខាន់ក្នុងការងារនេះ គឺការស្រាវជ្រាវរុករកទឹកធ្លាយដែលមើលពុំឃើញ ដោយចាប់ផ្តើមពីការងាររៀប ចំបែងចែកប្រព័ន្ធចែកចាយទឹកជាតំបន់ ដែលមានទំហំសមស្របទៅតាមលក្ខខណ្ឌបច្ចេកទេស ការត្រួតពិនិត្យលំហូរទឹកពេលយប់ដើម្បីអោយដឹងថាអាចមានទឹកធ្លាយក្នុងតំបន់ឬអត់ ការធ្វើ Night step Test ដោយការពិនិត្រដល់កន្លែង និងស្តាប់ ដើម្បី ពិនិត្យរកទីតាំងទឹកធ្លាយ និងការចុះស្តាប់សំលេងទឹកធ្លាយ។ ក្រោយពីមានបទពិសោធន៍សមល្មមហើយ នៅឆ្នាំ ១៩៩៨ ក្រុមនេះបានឈានទៅរៀបចំតំបន់ និងគ្រប់គ្រង នៅក្នុងខណ្ឌដទៃ តាមលំដាប់លំដោយនៃ កម្មវិធីផ្លាស់ប្តូរបំពង់មេចែកចាយទឹក។ នៅក្នុងឆ្នាំ ២០០២ ដោយមានទំនុកចិត្តលើសមត្ថភាពជំនាញ និងការទទួលខុសត្រូវរបស់និយោជិតក្រុមគ្រប់គ្រងតំបន់ អង្គភាពបានបញ្ចប់កិច្ចសន្យាជួលទីប្រឹក្សាបច្ចេកទេស ហើយធ្វើការងារនេះដោយខ្លួនឯង នាពេលនោះ អត្រាទឹកបាត់បង់នៅក្នុងកំរិត ២១,៥%។ ចាប់ពីនោះមក អត្រាទឹកបាត់បង់បានថយចុះយ៉ាងគំហុកគួរអោយកត់សំគាល់ រហូតដល់ ៦% ដែលជាអត្រាទាបបើធៀបនឹងអង្គភាពរដ្ឋាករទឹកនានា នៅបណ្តាប្រទេសក្នុងតំបន់។ បច្ចុប្បន្ន រ.ទ.ស.ភ មានក្រុមគ្រប់គ្រងទឹកបាត់បង់ជាតំបន់ចំនួន ៨ក្រុម ដែលមាននិយោជិតជំនាញសរុប ៦៣នាក់ ហើយប្រព័ន្ធចែកចាយក្នុងផ្ទៃសេវាទាំងមូលត្រូវបានរៀបចំជាតំបន់ទឹកបាត់បង់រួចរាល់ និងបានដាក់ អោយក្រុមនេះគ្រប់គ្រងទាំងស្រុង។

៦- ការបង្ការ និងបង្រ្កាបបទល្មើស
ការបង្ការ និងបង្រ្កាបបទល្មើស ជាវិធានការមួយ ដែលក្នុងនេះបានបែងចែកជា ៣ការងារមាន៖ ការអប់រំផ្ទៃក្នុង ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងការងារអធិការកិច្ច។ ការអប់រំផ្ទៃក្នុង សំដៅទៅដល់ការណែនាំដល់និយោជិត រ.ទ.ស.ភ អោយចៀសចេញពី ការប្រព្រឹត្តបទល្មើសដូចជា ការផ្សំគំនិតលួចតបណ្តាញទឹកគ្មានច្បាប់ ការលួចបំបែកបណ្តាញមុខនាឡិកាស្ទង់ ការកែឆ្នៃនាឡិកាទឹកអោយដើរយឺត ការបង្វិលលេខអានរបស់នាឡិកាថយក្រោយជាដើម។ និយោជិតទាំងឡាយណា ដែលអង្គភាពបានរកឃើញថា មានការរួមគំនិតក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរតាមលក្ខន្តិកៈបុគ្គលិក និងឈានទៅប្តឹងដល់តុលាការ ដោយពុំមានការលើកលែង។ ក្រៅពីនេះ យើងបានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការរបស់ រ.ទ.ស.ភ ចំពោះបទល្មើស ដើម្បីអោយពួកគាត់យល់ដឹង និងកុំប្រព្រឹត្ត ថែមទាំងរាយការណ៏ដល់អង្គភាពមានសមត្ថកិច្ចរបស់ រ.ទ.ស.ភ។ ព័ត៌មានទាំងឡាយណា ដែលឈានទៅចាប់បានបទល្មើសជាក់ស្តែង រ.ទ.ស.ភ មានគោលការណ៏ផ្តល់រង្វាន់ដល់អ្នករាយការណ៏នោះ ផ្ទុយទៅវិញ អ្នកពាក់ព័ន្ធនឹងបទល្មើស និងអ្នកផ្សំគំនិត ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរ ចំពោះអ្នករឹងទទឹង ត្រូវបាន រ.ទ.ស.ភ ប្តឹងទៅតុលាការពីបទព្រហ្មទណ្ឌ។ អង្គភាពអធិការកិច្ចរបស់ រ.ទ.ស.ភ ដែលបានបង្កើតឡើងចាប់ពីឆ្នាំ ១៩៩៣មក មានភារៈកិច្ចលើការងារស្រាវជ្រាវទាំងនេះ រួមទាំងការងារនៅតុលាការ ទាក់ទងនឹងបណ្តឹងនានាផងដែរ។








ដៃគូរពាណិជ្ជកម្ម