ប្រវត្តិរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

          រដ្ឋាករទឹកភ្នំពេញ បានចាប់បដ្ឋិសន្ថិឡើងនៅក្នុងឆ្នាំ ១៩៥៩ និងដោយមានការតែងតាំង​ជាផ្លូវការ​តាម​ព្រះរាជ​ក្រិត្យ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លេខ ១៦៤នស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ ១៩៦០ ជាអង្គភាពផលិតកម្ម និង​អាជីវ​កម្ម​របស់រដ្ឋចំណុះផ្ទាល់​សាលាក្រុងភ្នំពេញ ហើយ​ដែល​បាន​ប្រសិទ្ធនាមជាផ្លូវការថា « រដ្ឋាករទឹកភ្នំពេញ »។ អង្គភាពនេះមានភារកិច្ច ផលិតទឹកស្អាត និងផ្គត់​ផ្គង់​បំរើ​សំណូម​ពរ​ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ព្រមទាំងធានាតុល្យភាព ចំណូល-ចំណាយ លើ​ការ​ងារ​ផលិតកម្ម និងវិនិយោគ។
          នៅក្នុងអំឡុងឆ្នាំ ១៨៩៥ ប្រព័ន្ធផ្គត់ផ្គង់ទឹក​សំរាប់​ទីក្រុងភ្នំពេញ ត្រូវបានរៀបចំឡើងជាដំបូង​ដោយ​ក្រុមហ៊ុន​ទឹក និងអគ្គីសនី ឥណ្ឌូចិនរបស់បារាំងដែលមានឈ្មោះថា «CEEI » បានវិនិយោគទុនសាងសង់រោងចក្រ​ផលិតទឹកជ្រោយចង្វារ​ដែលមាន​សមត្ថភាព​ផលិត​ទឹក​ជាមធ្យម ១៥,០០០ម³/ថ្ងៃ ព្រមទាំងបណ្តាញ​ចែក​ចាយប្រវែង ៤០គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌដូនពេញភាគខាងកើត​នៃ​រាជធានីភ្នំពេញ​នាពេលបច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ ការងារផ្គត់ផ្គង់ទឹកក្នុងទីក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតិឲ្យធ្វើអាជីវកម្ម រកថវិកាចំណូល​ដើម្បីធានា​ដំណើរការ​ផលិត និងវិនិយោគដោយខ្លួនឯង ក្រោមលក្ខ័ខន្តិកៈដោយឡែករបស់ក្រុមហ៊ុនឥណ្ឌូចិនបារាំង។
          ចាប់ពីឆ្នាំ១៩៥៧ រហូតដល់ឆ្នាំ១៩៧០ ការងារផ្គត់ផ្គង់ទឹកស្អាត និងដំណើរការអាជីវកម្មរបស់​រដ្ឋាករទឹកភ្នំពេញត្រូវបាន​ពង្រីក​បន្ថែម​ដោយ​ការ​ជួសជុល និងបង្កើតរោងចក្រផលិតទឹក និងបណ្តាញចែកចាយថ្មី ដូចមានរៀបរាប់ខាងក្រោម៖
          (១) ក្នុងឆ្នាំ ១៩៥៨ រោងចក្រចំការមន ដែលមានសមត្ថភាពផលិត ១០ ០០០ម³/ថ្ងៃ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ដឺក្រេម៉ុង (DEGREMONT)។
          (២) ក្នុងឆ្នាំ ១៩៥៩ រោងចក្រផលិតទឹកជ្រោយចង្វារ ត្រូវបានជួសជុល និងពង្រីកសមត្ថភាពផលិតបន្ថែមរងហូតដល់ ៤៥ ០០០ម³/ថ្ងៃ។
          (៣) ក្នុងឆ្នាំ ១៩៦៦ រោងចក្រផលិតទឹកថ្មីមួយ នៅភូមិព្រែក ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ពិកចាបាល (PICCHABAL) ដែលមាន​សមត្ថភាព​ផលិត ១០០ ០០០ម³/ថ្ងៃ។
          (៤) ប្រព័ន្ធបណ្តាញចែកចាយទឹក ត្រូវបានជួសជុល និងពង្រីកបន្ថែម ២៤២ម នៅតាមបណ្តាឆ្នាំដូចខាងក្រោម៖

១) ក្នុងឆ្នាំ ១៩៥៧ បណ្តាញមេ និងបណ្តាញចែកចាយទឹក ប្រវែង ៣៦គីឡូម៉ែត្រ ត្រូវបានដាក់បន្ថែមដោយក្រុមហ៊ុន ដឺក្រេម៉ុង (DEGREMONT)។
២) ក្នុងឆ្នាំ១៩៥៩ បណ្តាញមេ និងបណ្តាញចែកចាយទឹក ប្រវែង ៣២គីឡូម៉ែត្រ ត្រូវបានដាក់បន្ថែមដោយក្រុមហ៊ុន គូប៊ូតា (KUBUTA)។
៣) ក្នុងឆ្នាំ១៩៦០ បណ្តាញមេ និងបណ្តាញចែកចាយទឹក ប្រវែង ១៦៥គីឡូម៉ែត្រ ត្រូវបានដាក់បន្ថែមដោយរដ្ឋាករទឹកភ្នំពេញ។

          ដោយមានសកម្មភាពការងារជួសជុល និងពង្រីកបន្ថែមប្រព័ន្ធផ្គត់ផ្គង់ខាងលើបានធ្វើឲ្យសមត្ថភាពផលិតទឹកសរុបកើនឡើងដល់ ២៥ ០០០ម³/ថ្ងៃ ក្នុងឆ្នាំ១៩៥៩ ដល់ ៥៥ ០០០ម³/ថ្ងៃ ក្នុងឆ្នាំ ១៩៦៣ និង ១៥៥ ០០០ ម³/ថ្ងៃ ក្នុងឆ្នាំ ១៩៦៦។ ការគ្រប់គ្រងអតិថិជនត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែប្រសើរឡើងជាលំដាប់ ធ្វើអោយការងារអាជីវកម្មអាចរកចំណូលបានច្រើន និងធានាចំណាយសំរាប់ដំណើរការផលិត និងផ្គត់​ផ្គង់​ទឹកដោយពុំចាំបាច់មានជំនួយពីខាងក្រៅ។
          ឆ្លងកាត់ការវិវត្តន៏ឥតឈប់ឈរពីសម័យការមួយទៅសម័យកាលមួយ ទើបនៅឆ្នាំ១៩៩៦ អង្គភាពនេះត្រូវបានប្រកាស់តែងតាំងដោយ​ប្រសិទ្ធ​នាម​ជាថ្មីថា «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» ជាគ្រឹះស្ថានសាធារណៈមួយមានចរិកជាគ្រឹះស្ថានឧស្សាហកម្ម និងពាណិជ្ជកម្ម តាមអនុក្រិតលេខ ០៦៩៦/០៣ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
          រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ «រ.ទ.ស.ភ» ជាសហគ្រាសនិតិបុគ្គលប្រកបដោយស្វ័យភាពផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុ។ អង្គភាពនេះមានភារកិច្ចសំខាន់ដូចខាងក្រោម៖
          (១) ផលិត និងផ្គត់ផ្គង់ទឹកស្អាត សំរាប់បំរើសំណូមពរប្រើប្រាស់នៃប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញទាំងមូល។
          (២) ធានាលើតុល្យភាពចំណូល និងចំណាយទាំងអស់ចំពោះដំណើរការផលិតកម្ម និងវិនិយោគ នៅក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយត្រូវ​ប្រកាន់​គោលការណ៏ និងរបៀបប្រកបកិច្ចការដូចគ្នាទៅនឹងពាណិជ្ជកម្មទូទៅ។
          ក្នុងន័យនេះ រ.ទ.ស.ភ ត្រូវទទួលស្វយ័ភាពយ៉ាងទូលំទូលាយ ដើម្បីដឹកនាំ​ចាត់ចែង​សកម្មភាព​របស់​ខ្លួន​ក្នុង​គោល​បំណងបំពេញបេសកកម្ម​អោយមានប្រសិទ្ធភាព និងធ្វើយ៉ាងណារក្សាទ្រព្យសម្បត្តិឲ្យបានគង់រង្ស និងលើកកំពស់បញ្ហាអនាម័យសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំង​សោភណភាព​រាជធានីភ្នំពេញ ក៏ដូចជារក្សាអោយមានការអភិវឌ្ឍន៏ និងរីកចំរើនឈានឡើង។
























១- ដំណាក់កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៩

ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥
          បន្ទាប់ពីសម័យសង្គមរាស្រ្តនិយមបានដួលរំលំនៅចុងឆ្នាំ១៩៦៩ ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបសាធារណៈរដ្ឋខ្មែររបស់ លុន នល់ ស្ថានភាពជាទូទៅក្នុងស្រុក ទាំងសង្គមកិច្ច សេច្ចកិច្ច បានផ្លាក់ចុះអន់ថយងើបលែងរួច ក្រសួង និងស្ថាប័ននានាពោរពេញដោយភាពចំរូងចំរាស់ ជាពិសេស សង្រ្គាមបានបន្ទុចបង្អាក់វិស័យនានាស្ទើរតែទាំងស្រុង ដោយអស្ថេរភាពនយោបាយ អសន្តិសុខ មន្រ្តីរាជការ-កម្មករ បានបោះបង់​ការងារ​របស់ខ្លួន ឬ ធ្វើការដោយខ្ជីខ្ជា។ ជាមួយគ្នានេះ ដំណើរការផលិតកម្ម និងអាជីវកម្មរបស់រដ្ឋាករទឹកភ្នំពេញ ក៏បានថយចុះដោយពុំអាច​បន្តសំរេច​នូវ​បណ្តា​ផែនការ និងកម្មវិធីនានាដែលបានគ្រោងទុក។
          ម្យ៉ាងទៀត គំរោងរៀបចំប្រែក្លាយរដ្ឋាករទឹកភ្នំពេញឲ្យទៅជាសហគ្រាសជាតិមានស្វ័យភាពពេញលេញក៏ត្រូវផ្អាកផងដែរ។ ការអាក់ខានទាំង​អស់នេះ គឺបណ្តាលមកពីឥទ្ធិពលដ៏អាក្រក់នៃសង្រ្គាមស៊ីវិល ដណ្តើមអំណាចគ្នា ដែលធ្វើឲ្យប្រទេសជាតិទាំងមូលត្រូវបានធ្លាក់ចុះទៅក្នុងវិបត្តិយ៉ាង​ធ្ងន់ធ្ងរ​ពិបាក​នឹងធ្វើការ​ស្រោចស្រង់វិញបាន។

ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
          ដោយសោកនាដកម្មឥតឈប់ឈរនៅមុនពេល និងក្រោយពីការរំលំរបបលោក លុន នល់ រួចមក សភាពការនៅ​ក្នុងប្រទេស​កម្ពុជា​ក៏រឹតតែបន្ថែមទំងន់យ៉ាងខ្លាំងខ្លាឡើងថែមទៀត ជាពិសេសក្នុងការ​បោស​សំអាត​ទីក្រុងភ្នំពេញដោយពួកខ្មែរកុំម្មុយនីស្ត។ ពួកខ្មែរក្រហមបាន​កាន់​កាប់ទាំងស្រុងលើទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ១៩៧៥ ដោយមានការកាប់សំលាប់យ៉ាងរង្គាលមិនថា ចាស់ ក្មេង ព្រះសង្ឃ ព្រមទាំងមន្រ្តីរាជការ និសិត្ស បញ្ញវ័ន និងប្រជាពលរដ្ឋស្លូតត្រង់ក្នុងរដ្ឋាភិបាលសាធារណរដ្ឋខែ្មរ មិនតែប៉ុណ្ណោះពួកគេ បានបង្ខំជន្លៀសប្រជាជន​ទាំងអស់​ឲ្យចាក​ចេញពីទីក្រុងភ្នំពេញដោយគ្មានគោលដៅ។
          ហេតុផលទាំងនេះហើយ ទើបទីក្រុងទាំងមូលបានប្រែជាគ្របដណ្តប់ដោយភាពស្ងាត់ជ្រងុំ និងសោកនាដកម្មគ្មានទីបំផុត។ អ្វីៗគ្រប់យ៉ាងត្រូវ​បាន​បិទ​ទ្វារចោល មិនថាតែក្រសួងស្ថាប័ននានា សាលារៀន មន្ទីពេទ្យ វត្តអារាម ជាពិសេស រដ្ឋាករទឹកភ្នំពេញ ក៏ត្រូវរងនូវការខូចខាតដោយការបាញ់ និងការដុតបំផ្លាញយ៉ាងដំណំពីសំណាក់ពួកខ្មែរក្រហម។
          នៅក្នុងការអនុវត្តន៏ការងារចែកចាយទឹកស្អាតនៅមានតែបន្តិចបន្តួចប៉ុណ្ណោះ គឺបង្រួមមកត្រឹមតែសំរាប់ការប្រើប្រាស់នៃកងទាហាន និងពួកកម្មាភិបាលនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលមានចំនួនតិចតួចក្នុងទីក្រុងខ្មោចនេះ។ សកម្មភាពអាជីវកម្មត្រូវបានផ្អាកចោលទាំងស្រុង ហើយប្រការដែលគួរឲ្យចាប់អារម្មណ៏ គឺក្នុងចន្លោះជិត៤ឆ្នាំនៃរបបខ្មែរក្រហមនេះ រោងចក្រផលិតទឹកស្អាតទាំងបី ទាំងប្រព័ន្ធផលិតកម្ម និងប្រព័ន្ធ​ចែក​ចាយ ការថែទាំ ត្រូវបានគេបំភ្លេចចោលទាំងស្រុង ហើយផលវិបាកបានធ្វើឲ្យមានភាពស្មុកស្មាញរហូតដល់ឆ្នាំ១៩៧៩។

២- ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣

          ក្រោយពីពន្លឺសន្តិភាពបានកើតមានឡើងដោយកិច្ចចរចារនៅទីក្រុងប៉ារីស ប្រទេសបារាំង ភាគីជំលោះ ទាំងកុំម្មុយនីស្ត និងមិនមែនកុំម្មុយនីស្ត បានធ្វើការគាំទ្រដល់ផែនការស្វែងរកសន្តិភាពរបស់អង្គការសហប្រជាជាតិ។
          ឧត្តមក្រុមប្រឹក្សាជាតិ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន បានរៀបចំឲ្យមាន​ការបោះ​ឆ្នោត​ជា​សកល​មួយ​នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ១៩៩៣ ដែលឈានទៅរកការបញ្ចប់ភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃ ដើម្បីឲ្យកម្ពុជាអាចស្តារ និង​អភិវឌ្ឍន៏​ប្រទេសជាតិទៅតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទទួលបានការគាំទ្រពីអន្តរជាតិ។ ដូច្នេះហើយ គ្រប់រចនា​សម្ព័ន​របស់សង្គមរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន ត្រូវបានធ្វើការកែទំរង់ពេលនោះដែរ។ នៅពេលនោះដែរ រដ្ឋាករទឹកភ្នំពេញ ក៏ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តោត​ការយកចិត្តទុកដាក់ជាចំបង ដោយមានការគិតគូរ និងចូលរួមទាំងវិស័យបច្ចេកទេស និងមូលធន ពីរាជរដ្ឋាភិបាល និងទទួល​បាន​ជំនួយ​ពីបណ្តាប្រទេសជាមិត្ត ដូចជា ព្រះរាជាណាចក្រជប៉ុន ប្រទេសបារាំង សហភាពសូវៀត ឥណទានពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ី ។ល។ ដើម្បីបុព្វហេតុទ្រទ្រង់នូវវិស័យ សុខាភិបាល អនាម័យ ក៏ដូចជាវិស័យទឹកស្អាតនៅកម្ពុជាផងដែរ។
          ទោះបីជាក្នុងរយៈពេលនោះទ្រព្យសំភារៈ និងឯកសារបច្ចេកទេសទាំងអស់ត្រូវបានខូចខាត និងកំទេចបំផ្លាញក៏ដោយ ក៏រដ្ឋាករទឹកភ្នំពេញ​បាន​រៀបចំ​ឲ្យមាន​ដំណើរ​ការឡើងវិញ នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ១៩៧៩ ក្នុងស្ថានភាពដ៏លំបាកក្រៃលែង ពីព្រោះថា មន្រ្តីរាជការ អ្នកបច្ចេកទេស មួយចំនួនធំ បានបាត់បង់ជីវិតក្នុងរបប ប៉ុលពត ហើយដែលនៅមាននិយោជិតមួយចំនួនតូចប៉ុណ្ណោះ ដែលក្នុងនោះភាគ​ច្រើនគ្រាន់​តែជាអ្នក​ដែល​ធ្លាប់​ធ្វើការតែមិនមែនជាអ្នកជំនាញការផងនោះ ត្រូវបានប្រមូលគៀងគរឲ្យមកបំរើកិច្ចការឡើងវិញ។

          យោងតាមស្ថានភាពនេះ រដ្ឋាករទឹកក្រុងភ្នំពេញ បានខិតខំយកអស់កំលាំងកាយចិត្តបំពេញភារកិច្ច ដូចមានរៀបរាប់ខាងក្រោម៖

២-១ ដំណើរការផលិតកម្ម
ដោយផ្អែកលើមូលដ្ឋានសំខាន់ៗរបស់រោងចក្រផលិតទឹកស្អាតទាំងបីដែលមានស្រាប់គឺ៖
ក- រោងចក្រផលិតទឹកជ្រោយចង្វារៈ
          រោងចក្រផលិតទឹកជ្រោយចង្វារ មានទីតាំងស្ថិតនៅខាងត្បូងគល់ស្ពានជ្រោយចង្វារ ដែលទីតាំងនេះជាទីតាំងមានភាពអំណោយផលបំផុតក្នុង​ការ​ផលិត​ទឹក​ស្អាត។ រហូតមកដល់ឆ្នាំ១៩៨៣ ដោយមានការជួសជុលតាមការជាក់ស្តែងដ៏ស្តួចស្តើង រោងចក្រ​នេះក៏បាន​ចាប់​ដំណើរការ​ឡើង​វិញតាមសមត្ថភាពដើម ៤០ ០០០ម³/ថ្ងៃ តែមិនបានប៉ុន្មានដោយសារភាពចាស់ទ្រុឌទ្រោមនៃសំណង់ និងគ្រឿងចក្រ បូករួម​នឹង​លទ្ធភាព​ក្នុង​ការផ្តល់ចរន្តអគ្គីសនីផងនោះ រោងចក្រនេះបានផ្អាកដំណើរការជាស្ថាពរពីឆ្នាំ១៩៨៤។
ខ-រោងចក្រផលិតទឹកចំការមនៈ
          រោងចក្រផលិតទឹកចំការមន មានទីតាំងស្ថិតនៅភាគខាងកើតជាប់នឹងស្ពានមុន្នីវង្សក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រោងចក្រនេះ​ធានា​ការ​ផ្គត់ផ្គង់ប្រជាជននៅភាគខាងត្បូងក្រុងភ្នំពេញ។ រោងចក្រនេះក៏ស្ថិតនៅក្នុងភាពទ្រុឌទ្រោម និងអសមត្ថភាពក្នុងការប្រើប្រាស់ដែរ តែជាអំណោយ​ផលល្អរោងចក្រ​នេះត្រូវ​បានជួសជុលស្តារឡើងវិញនាឆ្នាំ១៩៨៩ ក្រោមជំនួយថវិកា និងបច្ចេកទេសពីអតីតសហភាពសូវៀត ដោយក្នុង​នោះធ្វើ​ការ​ស្តារ​ឡើងវិញនូវប្រព័ន្ធជាច្រើនដែលរួមមាន៖
          (១) ប្រព័ន្ធផលិតកម្ម
                     -ដំឡើងម៉ាស៊ីនបូមទឹក ចំនួន ០៤គ្រឿង (ដំណើរការ០៣ គ្រឿង និងបំរុង០១គ្រឿង)
                     -ជួសជុលហ្វីលច្រោះទឹក
                     -ជួសជុលអាគារស្ថានីយ៏បូមទឹកស្អាត
គ-រោងចក្រផលិតទឹកភូមិព្រែក
          ក្នុងចំណោមរោងចក្រទាំងបី រោងចក្រភូមិព្រែកនៅមានសភាពប្រសើរជាងគេ។ រោងចក្រនេះសាងសង់ឡើងនៅឆ្នាំ១៩៦៦ និងប្រើប្រាស់​ប្រភព​ទឹក​ពី​ទន្លេសាប ដែលស្ថិតនៅក្បែច្រាំងខាងលិចនៃទន្លេសាប និងខាងត្បូងស្ពានជ្រោយចង្វារ ក្នុងភូមិសាស្រ្តសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ រោងចក្រទី៣នេះបានចាប់ដំណើរការឡើងវិញនៅថ្ងៃទី២៥ ខែ មករា ឆ្នាំ១៩៧៩ បើទោះជាមានការខ្វះខាតនូវគ្រឿងបន្លាស់ ព្រមទាំង​ថាមពល​អគ្គីសនីក៏ដោយ ក៏អាច​ផលិតទឹកស្អាតគ្រាដំបូងបាន ៥០ ០០០ម³/ថ្ងៃ ដែលមានសមត្ថភាពដើម ១០០ ០០០ម³/ថ្ងៃ។ ទន្ទឹមនឹងមានជំនួយពីអង្គការ អុកស្វាម (OXFAM) និងខិតខំដោយខ្លួនឯង ក៌ដូចជាការឧបត្ថម្ភពីក្រុមហ៊ុនអគ្គីសនីជាដែគូរចំបងបំផុត(សហភាតរៈ) បានបង្កើន​សមត្ថភាព​រោងចក្រ​នេះឡើងដល់ ៦៥ ០០០ម³/ថ្ងៃ ក្នុងឆ្នាំ១៩៩៣ ។ សមត្ថភាពផលិតសរុបដែលពីមុនមានចំនួន ១៥០ ០០០ម³/ថ្ងៃ មុនឆ្នាំ១៩៧៥ មកត្រឹមឆ្នាំ១៩៩៣ មានតែចំនួន ៧៥ ០០០ម³/ថ្ងៃប៉ុណ្ណោះ។
២-២ បណ្តាញចែកចាយ
          ដោយមានភាពកង្វះខាតថវិកា បណ្តាញចែកចាយដែលមានពីមុន ពុំបានពង្រីកបន្ថែមនោះទេ។ មិនតែប៉ុណ្ណោះ ការងារជួសជុលថែរក្សា ក៏មានកំរិត​តិច​តួច​ស្តួចស្តើងជាទីបំផុត ដែលជាមូលហេតុធ្វើឲ្យមានការ បាត់បង់ទឹកតាមបណ្តាញធ្លុះធ្លាយយ៉ាងច្រើន។ អត្រាទឹកបាត់បង់ត្រូវបាន​ប៉ាន់ស្មាន​ប្រមាណជាង ៥០% ដោយអ្នកឯកទេសជប៉ុនក្នុងឆ្នាំ១៩៩៣ (The study on Phnom Penh Water Supply system in the Kingdom of Cambodia – Final report Vol.2, Tokyo Engineering Consultants Co., LTD., 1993)។
          រហូតមកដល់ឆ្នាំ១៩៩៣ បណ្តាញចែកចាយទឹកក្នុងរាជធានីភ្នំពេញមានប្រវែងសរុប ២៨២ គីឡូម៉ែត្រ ដែលមានទំហំចាប់ពី ៦០មីលីម៉ែត្រ ទៅដល់ ៨០០មីលីម៉ែត្រ។ នៅក្នុងឆ្នាំ១៩៩៣ ដោយមានជំនួយពីរដ្ឋាភិបាលបារាំង បំពង់ចាស់ដែលមានអាយុ ៩៨ ដែលបានដាក់តាំងពីឆ្នាំ១៨៩៥ ប្រវែង ៦៥៤ម៉ែត្រ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានធ្វើការផ្លាស់ប្តូរ។
២-៣ ស្ថានភាពហិរញ្ញវត្ថុ
          ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ បានប្រែក្លាយពីទីក្រុងស្ងាត់ជ្រងំទៅជាទីក្រុងដ៏មានមនុស្សកុះករក្នុងរយៈពេលដ៏ខ្លី។ សំណូមពរទឹកស្អាតជាបញ្ហាដ៏ចំបងមួយក្នុងចំណោមបញ្ហាធំៗទាំងឡាយរបស់សង្គម។ ដូចនេះដើម្បីសំរួលជីវភាពប្រជាពលរដ្ឋ ជាជំហានដំបូង​រដ្ឋាករទឹកភ្នំពេញ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដោយពុំគិតដល់ការប្រមូលប្រាក់ថ្លៃទឹកឡើយ។ បណ្តាញចូលផ្ទះ​មួយចំនួនធំដែល​សល់ពី​មុនត្រូវស្ទះខូច រីឯបណ្តាញដែលនៅប្រើប្រាស់បានពុំអាចក្តាប់បាន ។ អណ្តូងរួមរាប់ពាន់ត្រូវបានសង់ឡើងដោយពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ សំណង់អណាធិបតេយ្យមួយភាគធំបានធ្វើអោយប៉ះពាល់ដល់បណ្តាញចែកចាយ។ បណ្តាញចូលផ្ទះយ៉ាង​ច្រើនបានធ្វើឡើងក្នុងលក្ខណៈ​អណា​ធិប​តេយ្យ​ដោយ​អ្នកប្រើ​ប្រាស់ផ្ទាល់ ឬដោយមន្រ្តីភ្នាក់ងាររដ្ឋាករទឹកភ្នំពេញ ដែលផ្ទុយនឹងគោលការណ៏រដ្ឋ និងជាហេតុបង្កអោយ​មាន​ការលំបាក​ស្មុកស្មាញដល់ការគ្រប់គ្រងយ៉ាងខ្លាំង។
          ក្នុងស្ថានភាពនេះ ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាករទឹកភ្នំពេញនាពេលនោះ មានអតុល្យភាពយ៉ាងខ្លាំងរវាងចំណូល និងចំណាយ ។ ជាក់ស្តែង​នា​ឆ្នាំ១៩៩៣ រដ្ឋាករទឹកភ្នំពេញបានកត់ត្រាចំនួនអតិថិជនបានដល់ទៅ ២៦ ៨៨១បណ្តាញ តែក្នុងនោះមានជាង៦០% ជាអ្នក​ប្រើប្រាស់​ទឹកឥត​គិតថ្លៃ ឬជាអ្នកប្រើប្រាស់ទឹកមិនផ្ទាល់ពីរដ្ឋាករទឹក ឬជាអតិថិជនដែលពុំមានមូលដ្ឋានពិតប្រាកដ។
          ដោយអនុវត្តគោលការណ៏ គិតបរិមាណប្រើប្រាស់ទឹកប៉ាន់ស្មាន ៨០លីត្រ/នាក់/ថ្ងៃ ចំពោះអតិថិជនដែលពុំ​ទាន់មាន​នាឡិកាទឹក (ក្នុង​ចំណោម​​អតិថិជន​ខាងលើ មានអតិថិជនតែ ៣ ៣៩១ បណ្តាញប៉ុណ្ណោះមាននាឡិកា) និងមានថ្លៃទឹក ១៦៦‍៛/ម³។ ចំណូលសរុបនាឆ្នាំ១៩៩៣ អាចធានាបានតែ ៥០% នៃចំណាយចំបាច់របស់អង្គភាពតែប៉ុណ្ណោះ ដោយមិនគិតបញ្ចូលទាំងទុនវិនិយោគផង ដែលនេះ​ជាមូល​ហេតុ​បំភ្លឺ​អំពីការពុំអាចបន្តដំណើរការស្វ័យភាពរបស់រដ្ឋាករទឹកភ្នំពេញក្នុងឆ្នាំ១៩៩១។

ដៃគូរពាណិជ្ជកម្ម