ប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺៈ

• បំពង់មេនាំទឹកៈ ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម ឡើងទៅ ដែលមានតួ-នាទីបញ្ជូនទឹកស្អាតពីស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ មានបំពង់មេទំហំធំបំផុត ១.៦០០ម.ម។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់បំពង់ប្រភេទដែកស្វិត(Ductile Iron)។

• បំពង់ចែកចាយទឹកៈ ជាបំពង់មានទំហំចាប់ពី ៥០ម.ម ដល់ ២០០ម.ម ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយដល់អតិថិជន។ រ.ទ.ស.ភ កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយជាប្រភេទ HDPE ព្រោះមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេសជប៉ុនទើបជាបំពង់ដែកស្វិត។

បំពង់មេ និងចែកចាយទឹកក្នុងផ្ទៃសេវាទាំងមូលត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣ ដែលពេលនោះបានចាប់ផ្តើមពីការផ្លាស់ប្តូរបំពង់ចាស់ទ្រុឌទ្រោមប្រភេទដែកស្រួយ (Cast Iron)។ បំពង់ដែកស្រួយត្រូវបានជំនួសដោយ បំពង់ដែកស្វិត ហើយបណ្តាញ បំពង់ចែកចាយទឹកស្អាតបន្ថែម ត្រូវបានតម្លើងនៅក្នុងតំបន់សេវាផ្គត់ផ្គង់ជាច្រើនរបស់សហគ្រាស ដើម្បីពង្រីកតំបន់សេវាផ្គត់ផ្គង់ទាំងឡាយនោះ។ កត្តានេះធ្វើអោយ សហ-គ្រាសខុសពីអង្គភាពផ្គត់ផ្គង់ទឹកមួយចំនួន ដោយសារតែបណ្តាញចែកចាយទឹកស្អាតស្ទើតែទាំងអស់ត្រូវបានជំនូស ឬតម្លើងថ្មីចាប់តាំងពីឆ្នាំ ១៩៩៣ មក។

ព្រមទាំងបំពេញផ្ទៃសេវានៅក្នុងតំបន់សេវាចាស់ ដែលគ្របដណ្តប់តែផ្នែកខ្លះនៃតំបន់ក្នុងក្រុង។ ចំនុចចាប់ផ្តើមនេះ ខុសប្លែកពីអង្គភាពរដ្ឋាករទឹកដទៃ ដែលសូម្បីតែនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ក៏ពុំបានគិតដល់ចំនុចនេះដែរ ពោលគឺនៅពេលមានបំពង់ថី្ម គេបានយកទៅដាក់នៅតំបន់ថី្ម ដើម្បីពង្រីកផៃ្ទសេវាទៅវិញ។ ការស្តារប្រព័ន្ធចែកចាយរបស់ រ.ទ.ស.ភ បានចាប់ផើ្តមជាលំដាប់លំដោយដូចតទៅ ៖

នៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបារាំង បានផ្តល់បំពង់ចែកចាយទឹកប្រវែង ៨គីឡូម៉ែត្រទំហំចាប់ពី ៨០ម.ម ដល់ ២០០ម.ម សំរាប់ផ្លាស់ប្តូរបំពង់ចាស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ក្រោមជំនួយហិរញ្ញប្បទានឥតសំណង។ គោលបំណងពិតនៃគម្រោងនេះគឺ បណ្តុះបណ្តាលបុគ្គលិក-កម្មកររបស់រដ្ឋាករទឹកភំ្នពេញពេលនោះ អំពីការដាក់បំពង់ចែកចាយទឹក។

ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៦ រដ្ឋាករទឹកភំ្នពេញបានបន្តផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផៃ្ទសេវា នៅក្នុងខណ្ឌដូនពេញ ប្រវែង ៦៨គីឡូម៉ែត្រ ក្រោមជំនួយឥណទានពីដៃគូអភិវឌ្ឍន៍មាន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ ជារួម ការផ្តល់ឥណទាន ពីធនាគារទាំង២ សំរាប់តែការទិញបំពង់ និងតំណភ្ជាប់ប៉ុណ្ណោះ រីឯថវិកាសំរាប់ការដាក់បំពង់ជាបដិភាគរបស់ រ.ទ.ស.ភ។

នៅក្នុងឆ្នាំ ១៩៩៧-១៩៩៩ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA ) ទៅលើការផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផៃ្ទសេវានៅក្នុងខណ្ឌ ៧មករាទាំងមូល និងមួយផែ្នកនៃខណ្ឌទួលគោក ប្រវែងសរុប៦៨គីឡូម៉ែត្រដែលថវិកាជំនួយនេះមានរួមបញ្ចូលទាំងការផ្តល់បំពង់ និងការតំលើង។ ក្នុងពេលជាមួយគ្នានេះ រ.ទ.ស.ភ ខ្លួនឯង បានដាក់បំពង់ថី្មប្រវែង ៩៩គីឡូម៉ែត្រក្នុងខណ្ឌចំការមន ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។

ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីបានបន្តផ្តល់ឥណទានសំរាប់ការផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផៃ្ទសេវា នៅក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ប្រវែងសរុប ២២១គីឡូម៉ែត្រ។ ក្រៅពីនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក ដែលមានបរិមាណកាន់តែច្រើន និងកាន់តែធ្ងាយ ការដាក់បំពង់មេនាំទឹកទំហំ ៩០០ម.ម ដល់១.៦០០ម.ម ជំនួសបំពង់មេទំហំ ៧០០ម.ម ដែលទ្រុឌទ្រោមខ្លាំង ក៏បានអនុវត្តន៍ក្នុងឆ្នាំនេះ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

ក្រោយពីការផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផៃ្ទសេវាចាស់ចប់សព្វគ្រប់ ការដាក់បំពង់ ថី្មដើម្បីពង្រីកផៃ្ទសេវា បានអនុវត្តន៍ចាប់ពីឆ្នាំ ២០០២ និងបន្តរហូតមកដល់បច្ចុប្បន្ន ក្រោមឥណទានរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍។ តារាងខាងក្រោមបង្ហាញពីប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ ចាប់ពីឆ្នាំ ១៩៩៣ និងប្រវែងបំពង់សរុបចុងគ្រា៖




ក្រៅពីបំពង់មេ និងចែកចាយទឹក ក្នុងប្រព័ន្ធចែកចាយមានអាងតំកល់ទឹកចំនួន៤ សម្រាប់បំពេញតម្រូវការទាំងបរិមាណ និងសំពាធទឹក នៅតំបន់ចុងផ្ទៃសេវា។ អាងទាំងនេះ មានសមត្ថភាពស្តុកទឹក(ចំណុះ) ១,៥០០ ម៉ែត្រគូប និងសាងសង់ក្នុងកំពស់៣០ម៉ែត្រពីដី ដើម្បីជួយបង្កើនសម្ពាធទឹក ក្នុងពេលមានតម្រូវការខ្ពស់។ ថវិកាវិនិយោគលើ ការ-សាងសង់អាងតំកល់ទឹកទាំងនេះមានៈ ទីភ្នាក់ងារអភិវឌ្ឍន៍ នៃប្រទេសបារាំង បានផ្តល់ហិរញ្ញប្បទានឥតសំណង លើការសាងសង់អាងតំកល់ទឹកចំនួន ០២ គឺ អាងតំកល់ទឹកចោមចៅ និងអាងតំកល់ទឹកពោធិចិនតុង ដោយឡែក ធានាគារពិភពលោក ក៏បានផ្តល់ឥណទាន សម្រាប់ការសាងសង់អាងតំកល់ទឹកចំនួន ០២ដែរ គឺ អាងតំកល់ទឹកច្រាំងចំរេះ និងអាងតំកល់ទឹកតាខ្មៅ។

ដៃគូរពាណិជ្ជកម្ម