ដំណើរការប្រព្រឹត្តកម្មទឹកស្អាត
ស្ថានីយបូមទឹកល្អក់
ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម(ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្មរបស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារបូមយកទឹកពីទន្លេមេគង្គលើ រោងចក្រនិរោធមូកយកទឹកពីទន្លេមេគង្គ និងរោងចក្រចំការមនបូមយកទឹកពីទន្លេបាសាក់។ សំណង់ស្ថានីយបូមទឹកល្អក់របស់រោងចក្រភូមិព្រែក ជ្រោយចង្វារ និងនិរោធ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតនៅក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទស្ថានីយបណ្តែត។
ជាទូទៅ កម្ពស់ទឹកទន្លេទាំង ៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។
ស្ថានីយប្រព្រឹត្តកម្មទឹកស្អាត
ប្រព័ន្ធប្រព្រឹត្តកម្មកម្មទឹកចែកជា ៦ដំណាក់កាលគឺ ទី១ អាងទទួលទឹក ទី២ អាងកូរ ទី៣ អាងផ្តុំកករ ទី៤ អាងរង ទី៥ អាងច្រោះ និង ទី៦ អាងស្តុកទឹកស្អាត។ ក្នុងការចម្រាញ់ទឹកដើម (ទឹកទន្លេ) ឲ្យទៅជាទឹកស្អាតចាំបាច់ត្រូវប្រើសារធាតុគីមីសាច់ជូរ កំបោរ និងឧស្ម័នក្ល័រ ដែលសារធាតុនីមួយៗមានតួនាទីផ្សេងៗគ្នាក្នុងការសម្អាតទឹក៖
• សាច់ជូរៈ មានតួនាទីធ្វើឲ្យភាគល្អិតតូចៗនៃកករចាប់ផ្តុំគ្នាជាដុំកករធំ មានទម្ងន់ធ្ងន់ ដែលអាចរងចុះបាន។ ភាគល្អិតទាំងនេះរួមមានដីឥដ្ឋ និងដីល្បាប់ សារធាតុគីមីសរីរាង្គ កាកសំណល់ពីដំណើរការប្រព្រឹត្តកម្មផ្សេងទៀត និងសារធាតុសរីរាង្គតូចៗជាច្រើនទៀត។
• កំបោរៈ សម្រាប់បង្កើន pH នៃទឹក មានន័យថា បន្ថយជាតិអាស៊ីតក្នុងទឹក។
• ក្ល័រៈ មានតួនាទីសំលាប់មេរោគ និងកម្ចាត់សារធាតុជីវសាស្រ្ត(ពពួកស្លែ) ចេញពីទឹក។
ដោយឡែក រ.ទ.ស.ភ បានធ្វើការសិក្សា និងពិសោធន៍រួចទៅលើការប្រើប្រាស់សារធាតុគីមីសម្រាប់បណ្តុំកករមួយប្រភេទឈ្មោះ Polyaluminum Chloride(PAC) សម្រាប់ប្រើប្រាស់ជំនួសសាច់ជូរ និងកំបោរ ដែលសារធាតុនេះមានប្រសិទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចខ្ពស់ជាងសាច់ជូរ។ សារធាតុគីមីនេះ នឹងចាប់ផ្តើមយកមកប្រើប្រាស់នៅឆ្នាំ២០១២ នេះ។
សង្វាក់ប្រព្រឹត្តកម្មទឹកស្អាត ប្រព្រឹត្តទៅតាមតំណាក់ៗ ដូចខាងក្រោមៈ
• ដំបូងបង្អស់ ទឹកល្អក់ដែលបូមចេញពីទន្លេដោយស្ថានីយបូមទឹកល្អក់ ត្រូវបានបញ្ជូនទៅកាន់អាងទទួលទឹក។ នៅក្នុងអាងទទួលទឹក ដែលជាចំណុចចាប់ផ្តើមនៃដំណើរការប្រព្រឹត្តកម្ម សារធាតុគីមីមានសាច់ជូរ កំបោរ និងក្ល័រ ត្រូវបានបញ្ចូលទៅក្នុងទឹក រួចទើបទឹកហូរចូលទៅអាងកូរ។ ក្នុងអាងកូរ សារធាតុគីមីត្រូវបានកូរអោយសព្វជាមួយទឹកដោយម៉ាស៊ីនកូរ (កូរក្នុងល្បឿនលឿន) ឬដោយបំរែបំរួលល្បឿននៃលំហូរទឹកក្នុងអាង។ បន្ទាប់ពីកូរសព្វហើយ ទឹកហូរទៅអាងផ្តុំកករ ដែលក្នុងអាងនេះមានបំពាក់ដោយម៉ាស៊ីនកូរក្នុងល្បឿនយឺតៗ ក្នុងបំណងអោយកករជួបគ្នា និងចាប់គ្នាជាដុំកករធំ។
នៅក្នុងអាងរងដុំកករធំៗរងធ្លាក់ចុះទៅបាតអាង ហើយទឹកបន្តហូរចូលទៅក្នុងអាងច្រោះ ជាមួយនឹងកករតូចៗ ដែលពុំអាចរងចុះនៅក្នុងអាងរង ដោយកំរិតល្អក់នៃ ទឹកដែលហូរចូលទៅក្នុងអាងច្រោះនោះ ត្រូវតែស្ថិតនៅក្នុងចន្លោះ ៤ ទៅ ៨ NTU។
អាងច្រោះមានតួនាទីជាតម្រង ដែលចម្រាញ់ ឬត្រងយកចេញនូវភាគល្អិតនៃកករ ដែលសេសសល់ពីអាងរង និងដកយកសម្រាមដែលអណ្តែតចេញពីទឹក។
នៅទីនេះភាគល្អិតនៃពពួកស្លែក៏ត្រូវបានត្រងយកចេញផងដែរ។
• ទឹកដែលចេញពីអាងច្រោះ ត្រុវមានកំរិតល្អក់មិនលើសពី ៥ NTU។ ទឹកដែលច្រោះរួច ត្រូវបានបញ្ចូលសារធាតុក្ល័រទៅក្នុង ទឹកមួយលើកទៀត សំរាប់កំចាត់មេរោគ និងសារធាតុស្លែដែលនៅសេសសល់ និងបំរុងសំរាប់កំចាត់មេរោគអាចមាននៅតាមបំពង់ចែកចាយទឹក ជាពិសេសនៅតាមបរិក្ខាទឹកតាមផ្ទះ មានជាអាទិ៍ អាងទឹក និងរូប៊ីណេ ជាដើម។ ការបញ្ចូលក្ល័រត្រូវបានត្រួតពិនិត្យ ដើម្បីធានាឲ្យមានបរិមាណក្ល័រសេរីសមល្មមតាមកំរិតកំនត់នៅក្នុងទឹកស្អាត។ ទឹកដែលចេញពីអាងច្រោះជាទឹកស្អាត ត្រូវបានបញ្ជូនទៅស្តុកក្នុងអាងស្តុកទឹកស្អាត សំរាប់បូមបញ្ជូនទៅក្នុងប្រព័ន្ធចែកចាយ។
• ដោយសារតម្រូវការទឹកស្អាតប្រចាំម៉ោងមិនស្មើគ្នា ហេតុនេះអាងស្តុកទឹកស្អាតក្នុងរោងចក្រមានតួនាទីសម្របសម្រួលរវាងបរិមាណទឹកប្រព្រឹត្តកម្ម និងបរិមាណទឹកផ្គត់ផ្គង់ ពោលគឺ ស្តុកទឹកទុកនៅម៉ោងមានតម្រូវការតិច និងបញ្ចេញទឹកបង្រ្គប់សម្រាប់ម៉ោងមានតម្រូវការទឹកខ្ពស់។ សមត្ថភាពស្តុកទឹកស្អាតរបស់រោងចក្រនីមួយៗ មានដូចខាងក្រោម៖
- រោងចក្រភូមិព្រែក មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រជ្រោយចង្វារ មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រចំការមនមានអាងស្តុកទឹកស្អាត ១.៥០០ម៉ែត្រគូប
ស្ថានីយបូមទឹកស្អាត
មានតួនាទីបូមបញ្ជូនទឹកស្អាតទៅក្នុងប្រព័ន្ធចែកចាយទឹក។ ស្ថានីយនេះបំពាក់ទៅដោយម៉ូទ័របូមទឹក និងប្រព័ន្ធបញ្ជា ព្រមទាំងប្រព័ន្ធសម្របសម្រួលសម្ពាធទឹកស្វ័យប្រវត្តិ ដើម្បីធានាស្ថេរភាពក្នុងការផ្គត់ផ្គង់។
ក្រៅពីសារធាតុគីមី និងថាមពលអគ្គិសនី ជាមុខចំណាយសំខាន់នៅក្នុងដំណើរការរោងចក្រ ដែលក្នុងនេះចំណាយលើថ្លៃអគ្គិសនីមានកម្រិតខ្ពស់ជាងថ្លៃសារធាតុគីមី។
ចំពោះសារធាតុគីមីដែលប្រើប្រាស់ក្នុងដំណើរការប្រព្រឹត្តកម្មទឹក គឺអាស្រ័យនឹងគុណភាពទឹកប្រភពដើមទាំងស្រុង មានន័យថា នៅពេលគុណភាពទឹកទន្លេកាន់តែទាប នាំឲ្យប្រើប្រាស់សារធាតុគីមីកាន់តែច្រើន ដើម្បីធានាគុណភាពទឹកស្អាត ដែលឆ្លើយតបទៅនឹងស្តង់ដាគុណភាពទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO) និងស្តង់ដារថ្នាក់ជាតិផងដែរ។
តារាងខាងក្រោមបង្ហាញពីបរិមាណសារធាតុគីមី ដែលប្រើប្រាស់នៅពេលអតីតកាលសម្រាប់ការធ្វើប្រព្រឹត្តិកម្មទឹកស្អាត។ ដូចបានបង្ហាញ បរិមាណសារធាតុគីមី ដែលប្រើប្រាស់ក្នុងពេលធ្វើប្រព្រឹត្តិកម្មទឹកស្អាតគឺអាស្រ័យលើគុណភាពនៃប្រភពទឹកល្អក់។គុណភាពនៃប្រភពទឹកល្អក់ពីទន្លេទៀតសោតក៏មានកត្តាជាច្រើន ដែលអាចធ្វើអោយប្រែប្រួល។ សហគ្រាស កំពុងតែស្នើផ្លាស់ប្តូរ ពីការប្រើប្រាស់សារធាតុគីមី កំបោរ និងសាច់ជូរ ដោយ ប៉ូលីមែរ ក្នុងកំរិតកំណត់មួយ។ ទន្ទឹមនឹងនេះដែរ ការប្រើប្រាស់ជាក់ ស្តែងនៃសារធាតុគីមីនៅពេលអនាគត អាចនឹងមានភាពខុសគ្នាច្រើនពីការប្រើប្រាស់ពីអតីតកាល។